ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានប្រកាសថា ប្រទេសរបស់លោកបានយកឈ្នះ ស្ថានភាពដ៏លំបាកបំផុត អំឡុងពេលប្រកាសបើកសមាជបក្សដ៏សំខាន់មួយ នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ។

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានប្រកាសថា ប្រទេសរបស់លោកបានយកឈ្នះ ស្ថានភាពដ៏លំបាកបំផុត អំឡុងពេលប្រកាសបើកសមាជបក្សដ៏សំខាន់មួយ នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ។
បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA, លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសកូរ៉េខាងជើង បានប្រឈមមុខនឹង «ការលំបាកដ៏អាក្រក់បំផុត» របស់ខ្លួន កាលពី ៥ឆ្នាំមុន ប៉ុន្តែ ឥឡូវនេះ កំពុងខិតជិតដល់ដំណាក់កាលមួយ ដែលពោរពេញទៅដោយ សុទិដ្ឋិនិយម និង ទំនុកចិត្ត នាពេលអនាគត។ លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងលើកកម្រិតជីវភាព បន្ថែមទៀត។
សេដ្ឋកិច្ចរបស់កូរ៉េខាងជើង បានធ្លាក់ចុះ អស់ជាច្រើនឆ្នាំ ក្រោមការដាក់ទណ្ឌកម្ម របស់លោកខាងលិច ដែលមានគោលបំណងរារាំង ការផ្តល់មូលនិធិ សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែ ទីក្រុង ព្យុងយ៉ាង បដិសេធមិនព្រម បញ្ឈប់កម្មវិធីអាវុធបរមាណូ នោះទេ។ លោក Kim បានប្រកាសរួចហើយថា សមាជ នៅឆ្នាំនេះ នឹងបង្ហាញពីដំណាក់កាលបន្ទាប់ នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេស។
យ៉ាងណា អ្នកវិភាគជឿថា ការអះអាងរបស់លោក គីម ដែលថា យកឈ្នះស្ថានភាពដ៏លំបាកបំផុត ជាការនិយាយ ដើម្បីបំបាត់ការមិនសប្បាយចិត្ត ជាសាធារណៈ ជុំវិញការខ្វះខាតស្បៀងអាហារ, ចំណាយលើយោធា និង ការបន្តគាំទ្ររបស់កូរ៉េខាងជើង សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាម របស់រុស្ស៊ី នៅអ៊ុយក្រែន នេះបើតាម AFP៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
