បេរូត ៖ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានបញ្ចេញវីដេអូ ទម្លាក់គ្រាប់បែក ទៅលើភាគខាងត្បូង ប្រទេសលីបង់ ដោយអះអាងថា ជាការវាយប្រហារលើ មជ្ឈមណ្ឌលបញ្ជាការ របស់ក្រុមហាម៉ាស ស្ថិតនៅជាយក្រុង Sidon។

បេរូត ៖ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានបញ្ចេញវីដេអូ ទម្លាក់គ្រាប់បែក ទៅលើភាគខាងត្បូង ប្រទេសលីបង់ ដោយអះអាងថា ជាការវាយប្រហារលើ មជ្ឈមណ្ឌលបញ្ជាការ របស់ក្រុមហាម៉ាស ស្ថិតនៅជាយក្រុង Sidon។
យ៉ាងណា ប្រទេស លីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល កើតមានទៅលើជំរុំ Ain al-Helweh សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដ៏ធំបំផុត របស់ប្រទេសនេះ ដោយបានសម្លាប់មនុស្ស ចំនួនពីរនាក់។
អ៊ីស្រាអែល បានបន្តការវាយប្រហារជាប្រចាំ លើប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានព្យាយាមបញ្ឈប់អរិភាព ជាងមួយឆ្នាំ ជាមួយក្រុម Hezbollah។ ប៉ុន្តែ ទីក្រុង ហ្ស៊េរុយសាឡិម អះអាងថា ភាគច្រើន គឺជាទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ ប៉ុន្តែ ម្តងម្កាល គោលដៅវាយប្រហារ អាចជាកម្មសិទ្ធិ របស់សម្ព័ន្ធមិត្តប៉ាឡេស្ទីន ហាម៉ាស់ ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានការវាយឆ្មក់ លើជំរុំ Ain al-Helweh នេះដូចគ្នា ដោយអ៊ីស្រាអែលអះអាងថា កំណត់គោលដៅ លើបរិវេណហ្វឹកហាត់ របស់ក្រុមហាម៉ាស់ ហើយពេលនោះ បានសម្លាប់មនុស្ស ១៣នាក់។ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយថា កុមារ ១១នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះ។
កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន ប្រទេសលីបង់ បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល នៅជិតព្រំដែនស៊ីរី នៅភាគខាងកើត បានសម្លាប់មនុស្ស ៤នាក់ ខណៈដែលអ៊ីស្រាអែល បានអះអាងថា ខ្លួនបានកំណត់គោលដៅ លើ ប្រតិបត្តិការរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអ៊ីស្លាម ជីហាត៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
