កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ថា ប្រទេសរបស់លោក មិនចាញ់សង្គ្រាម ជាមួយរុស្ស៊ីនោះទេ។

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ថា ប្រទេសរបស់លោក មិនចាញ់សង្គ្រាម ជាមួយរុស្ស៊ីនោះទេ។
អំឡុងកិច្ចសម្ភាសន៍ ជាមួយ AFP នៅប៉ុន្មានថ្ងៃ មុនដល់ខួបគម្រប់ ៤ ឆ្នាំ នៃសង្គ្រាម, មេដឹកនាំអ៊ុយក្រែន រូបនេះ បានអះអាងថា «អ្នកមិនអាចនិយាយថា យើងចាញ់សង្រ្គាមនោះទេ…យើងប្រាកដជា មិនចាញ់វាទេ តែ សំណួរ គឺ ថា តើយើងនឹងឈ្នះ ឬ អត់» ត្រង់នេះ លោក Zelensky បានបន្ថែមថា «នោះគឺជាសំណួរ ដ៏មានតម្លៃ»។
លោក Zelensky បានបន្តថា អ៊ុយក្រែន បានកាន់កាប់ដី រាប់រយគីឡូម៉ែត្រក្រឡា ក្នុងការវាយលុកថ្មីមួយ ហើយបន្ថែមថា ទាហានអឺរ៉ុប គួរតែដាក់ពង្រាយ នៅជួរមុខ បន្ទាប់ពីមានបទឈប់បាញ់ណាមួយ។
ជុំវិញការចរចា ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ លោក Zelensky ប្រាប់ថា ទាំងអាមេរិក និងរុស្ស៊ី ចង់ឲ្យអ៊ុយក្រែន ចាកចេញពីតំបន់ Donbas ដើម្បីឈានទៅបញ្ចប់ភ្លាមៗ។ ការណ៍នេះ នាំឲ្យការចរចា នៅប្រទេសទី៣ ពេលនោះ មិនបានលេចចេញលទ្ធផលវិជ្ជមាន ជាដុំកំភួន អ្វីនោះទេ។
បើតាម AFP, សង្រ្គាមដ៏សាហាវបំផុតរបស់អឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទី២ នេះ បានកើតឡើង នៅពេលដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ព វាយលុកព្រំដែនអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានឃើញជនស៊ីវិល រាប់ម៉ឺននាក់ និង បុគ្គលិកយោធារាប់សែននាក់ ត្រូវបានសម្លាប់ ទាំងសងខាង៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
