ប្រាទី ស្លាវ៉ា ៖ ស្លូវ៉ាគី ដាក់ឱសានវាទរយៈពេលពីរថ្ងៃដល់អ៊ុយក្រែន ឲ្យបន្តបង្ហូរប្រេងរបស់រុស្ស៊ីឆ្លងកាត់ទឹកដីរបស់អ៊ុយក្រែន បើមិនដូច្នោះទេ ស្លូវ៉ាគីនឹងកាត់ផ្តាច់អគ្គិសនីទៅកាន់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ។

នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico និយាយថា ស្លូវ៉ាគីនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែន ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈនេះ ប្រសិនបើទីក្រុងកៀវ មិនបន្តការដឹកជញ្ជូនប្រេង តាមរយៈបំពង់បង្ហូរប្រេង Druzhba ទេ ។
លោក Fico បានបង្ហោះសារគំរាមលើបណ្តាញសង្គម Facebook ថា ប្រសិនបើការផ្គត់ផ្គង់ប្រេងទៅកាន់ស្លូវ៉ាគី មិនត្រូវបានបន្ត នៅថ្ងៃចន្ទនេះទេ នោះខ្ញុំនឹងស្នើសុំឲ្យប្រតិបត្តិករនៃប្រព័ន្ធបញ្ជូនអគ្គិសនីនៅស្លូវ៉ាគី (SEPS) ឈប់ផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែន ។
នាយករដ្ឋមន្ត្រីស្លូវ៉ាគីរូបនេះ បានសង្កត់ធ្ងន់ថា មានតម្រូវការអគ្គិសនីទ្វេដង ដើម្បីធ្វើឲ្យប្រព័ន្ធថាមពលរបស់អ៊ុយក្រែនមានស្ថិរភាព នៅក្នុងខែមករា ឆ្នាំ ២០២៦ ដូចនៅក្នុងឆ្នាំ ២០២៥ ទាំងមូលដែរ ។
គួរបញ្ជាក់ថា ស្លូវ៉ាគី គឺជាប្រភពអគ្គិសនីដ៏សំខាន់របស់អឺរ៉ុបសម្រាប់អ៊ុយក្រែន ដោយសារការវាយប្រហាររបស់រុស្ស៊ី បានធ្វើឱ្យខូចខាតដល់បណ្តាញអគ្គិសនីយ៉ាងធ្ងន់ធ្ងររបស់អ៊ុយក្រែន ។
អ្នកជំនាញវិស័យថាមពលនិយាយថា ស្លូវ៉ាគី បានរ៉ាប់រងដល់ទៅ ១៨ភាគរយនៃការនាំចូលអគ្គិសនីសរុបរបស់អ៊ុយក្រែន ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា