តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានសងសឹកដោយដាក់កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់រដ្ឋសមាជិកទាំងអស់នៃសហភាពអឺរ៉ុប (EU) ជា “អង្គការភេរវកម្ម” វិញ។

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានសងសឹកដោយដាក់កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់រដ្ឋសមាជិកទាំងអស់នៃសហភាពអឺរ៉ុប (EU) ជា “អង្គការភេរវកម្ម” វិញ។
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះ គឺដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តថ្មីៗរបស់សហភាពអឺរ៉ុប ក្នុងការដាក់ស្លាកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជា “អង្គការភេរវកម្ម”។
បើតាមសេចក្តីថ្លែងការណ៍ដដែល ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប គឺផ្ទុយនឹងគោលការណ៍ និងច្បាប់ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ដូច្នេះហើយ រដ្ឋាភិបាលអ៊ីរ៉ង់បានឆ្លើយតបវិញដោយផ្អែកលើគោលការណ៍ក្រោមច្បាប់ឆ្នាំ ២០១៩ ដែលចែងថា ប្រទេសទាំងអស់ដែលអនុវត្តតាម ឬគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការកំណត់កងកម្លាំង IRGC ជាអង្គការភេរវកម្ម តាមមធ្យោបាយណាមួយ នឹងត្រូវទទួលរងនូវសកម្មភាពទៅវិញទៅមក ។
សូមរម្លឹកថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីសប្តាហ៍មុននេះ បានដាក់បន្ថែមកងកម្លាំង IRGC ជាផ្លូវការ ទៅក្នុងបញ្ជីភេរវកររបស់ប្លុកនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកាលពីខែមុន។
វិធានការរបស់សហភាពអឺរ៉ុប កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីខាងលិចក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួន និងគំរាមកំហែងម្តងហើយម្តងទៀតចំពោះការវាយប្រហារយោធាដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
