បរទេស ៖ សហរដ្ឋអាមេរិកបានសារភាពថា ប្រទេសអ៊ីរ៉ង់មិនញញើតនឹងការដាក់ពង្រាយកម្លាំងយោធាដ៏ធំសម្បើម របស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់មជ្ឈិមបូព៌ាបន្តិចនោះឡើយ ។ នេះបើតាមការលើកឡើងរបស់បេសកជនពិសេសរបស់អាមេរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ា ។

បរទេស ៖ សហរដ្ឋអាមេរិកបានសារភាពថា ប្រទេសអ៊ីរ៉ង់មិនញញើតនឹងការដាក់ពង្រាយកម្លាំងយោធាដ៏ធំសម្បើម របស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់មជ្ឈិមបូព៌ាបន្តិចនោះឡើយ ។ នេះបើតាមការលើកឡើងរបស់បេសកជនពិសេសរបស់អាមេរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ា ។
ថ្លែងប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ, លោក Steve Witkoff បេសកជនពិសេសរបស់អាមេរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ានិយាយថា លោក Donald Trump កំពុងងើងឆ្ងល់ថាតើ ហេតុអ្វីបានជា អ៊ីរ៉ង់ មិនយល់ព្រម ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន បើទោះបីជាដឹងថា ទីក្រុងវ៉ាស៊ីនតោន បន្តបង្កើនសមត្ថភាពយោធារបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា កាន់តែខ្លាំងក្លា ក៏ដោយ ។
លោកបានចោទសួរទៀតថា ហេតុអ្វីបានជា ស្ថិតនៅក្រោមសម្ពាធបែបនេះទៅហើយ ម្ដេចក៏អ៊ីរ៉ង់ មិនព្រមសារភាពប្រាប់អាមេរិកថា ខ្លួនពិតជាមិនចង់បានអាវុធនុយក្លេអ៊ែរតាមការចង់បានរបស់អាមេរិក ។
បើតាម CNA, លោក Trump បានបញ្ជាឲ្យបង្កើតកងកម្លាំងយោធាដ៏ធំមួយ ទៅតំបន់មជ្ឈិមបូព៌ា ត្រៀមលក្ខណៈផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ។ ប៉ុន្តែ សាធារណរដ្ឋឥស្លាម មួយនេះ បានគំរាមវាយប្រហារមូលដ្ឋានទ័ព របស់អាមេរិក នៅក្នុងតំបន់ទាំងមូល ប្រសិនបើជា អ៊ីរ៉ង់ ត្រូវបានសហរដ្ឋអាមេរិកវាយប្រហារមែននោះ ។
សហរដ្ឋអាមេរិកតែងតែគំរាមឲ្យប្រទេស អ៊ីរ៉ង់ បោះបង់ចោលសារធាតុអ៊ុយរ៉ាញ៉ូម ដែលទីក្រុងវ៉ាស៊ីនតោន ចោទថា ត្រូវបានប្រើប្រាស់ ដើម្បីផលិតគ្រាប់បែកបរិមាណូ ។ ជាមួយគ្នានេះ អាមេរិកក៏ទាមទារ ឲ្យអ៊ីរ៉ង់ បញ្ឈប់ការគាំទ្រ ដល់ពួកសកម្មប្រយុទ្ធ នៅមជ្ឈិមបូព៌ា និងទទួលយកដែនកំណត់ចំពោះកម្មវិធីមីស៊ីល របស់ខ្លួន ។
ឆ្លើយតបនឹងរឿងនេះ ទីក្រុងតេហេរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើឡើង ដើម្បីគោលដៅសន្តិភាពប៉ុណ្ណោះ ។
យ៉ាងណា បើតាម លោក Steve Witkoff,បច្ចុប្បន្ន អ៊ីរ៉ង់ បានពង្រឹងការចម្រាញ់ អ៊ុយរ៉ាញ៉ូម លើសពីចំនួន ដែលត្រូវការសម្រាប់នុយក្លេអ៊ែរស៊ីវិល ពោលគឺមានរហូតដល់ ៦០ ភាគរយឯណោះ ។ ចំនួនេះអាចឲ្យប្រទេសអ៊ីរ៉ង់ មានលទ្ធភាពផលិតគ្រាប់បែកកម្រិតឧស្សាហកម្ម ប្រកបដោយគ្រោះថ្នាក់ ក្នុងរយៈពេលប្រហែល ១សប្តាហ៍ប៉ុណ្ណោះ ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
