ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឲ្យខ្លាំងថែមមួយកម្រិតទៀត ដើម្បីតៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់សត្រូវណាមួយ ។

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឲ្យខ្លាំងថែមមួយកម្រិតទៀត ដើម្បីតៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់សត្រូវណាមួយ ។
ការប្រកាសរបស់លោក គីម ជុងអ៊ុន កើតមានឡើង បន្ទាប់ពីសមាជរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចបានសម្រេចជ្រើសរើសរូបលោកឲ្យបន្តកាន់តំណែងជាមេដឹកនាំប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ។
បើតាម KCNA, សមាជដ៏កម្រនេះបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់លោក គីម ជុងអ៊ុន ក្នុងការទប់ទល់នឹងសត្រូវ តាមរយៈការធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងក្លា នូវកម្លាំងនុយក្លេអ៊ែររបស់ប្រទេសជាតិ ។
សេចក្តីថ្លែងការណ៍របស់បក្សពលកររៀបរាប់ថា លោក គីម ជុងអ៊ុន បានដឹកនាំការងារយ៉ាងស្វាហាប់ ដើម្បីប្រែក្លាយកងទ័ពប្រជាជនកូរ៉េ ដែលជាស្នូលនៃការការពារជាតិ និងជាសសរស្តម្ភនៃការការពារសន្តិភាព ទៅជាវីរកងទ័ពដ៏មានឥទ្ធិពល ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា លោក គីម ជុងអ៊ុន ថែមទាំងកសាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ ពោរពេញទៅដោយសមត្ថភាព ដែលអាចទប់ទល់នឹងការគំរាមកំហែងនៅគ្រប់ទម្រង់នៃសង្គ្រាមឈ្លានពានណាមួយពីសំណាក់សត្រូវ ។
ជាក់ស្ដែង នៅមុខប៉ុន្មានថ្ងៃនៃសមាជបក្សចាប់ផ្ដើម កូរ៉េខាងជើងបានសម្ញែងប្រព័ន្ធជើងទម្របាញ់មីស៊ីលរយៈចម្ងាយខ្លីថ្មីចំនួន ៥០ គ្រឿង ដើម្បីបង្ហាញសាច់ដុំយោធាទៅដល់គូប្រជែងស៊ីសាច់ហុតឈាមរបស់ខ្លួនគឺ កូរ៉េខាងត្បូង ។
ចំណែកនៅក្រោយសមាជបក្សដដែលនេះ លោក គីម ជុនអ៊ុន ត្រូវបានគេរំពឹងថានឹងបង្ហាញសាច់ដុំកម្មវិធីអាវុធនុយក្លេអ៊ែរដំណាក់កាលថ្មី ដែលសម្រេចបាននៅក្រោមសម័យកាលដឹកនាំរបស់លោក ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
