វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក ណាសា បានដាក់មហិច្ឆតាបញ្ជូនអវកាសយានិកចំនួន ៤ រូបនៃបេសកកម្ម Artemis 2 ដើម្បីឲ្យទៅហោះក្រឡឹងជុំវិញភពព្រះចន្ទ នៅថ្ងៃទី៦ ខែមីនាខាងមុខនេះ ។

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក ណាសា បានដាក់មហិច្ឆតាបញ្ជូនអវកាសយានិកចំនួន ៤ រូបនៃបេសកកម្ម Artemis 2 ដើម្បីឲ្យទៅហោះក្រឡឹងជុំវិញភពព្រះចន្ទ នៅថ្ងៃទី៦ ខែមីនាខាងមុខនេះ ។
Artemis 2 គឺជាបេសកកម្មទី ២ នៅក្នុងកម្មវិធីភពព្រះចន្ទមានតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីការហោះហើរគ្មានមនុស្សកាលពីឆ្នាំ ២០២២ ។ វាក៏ជាការហោះហើរលើកដំបូង ក្នុងការបញ្ជូនក្រុមអវកាសយានិកហោះជុំវិញភពព្រះចន្ទ ក្នុងដំណើររយៈពេល ១០ ថ្ងៃ ទៅកាន់ទីតាំងជិតបំផុតពុំធ្លាប់មាននៅទីអវកាស ។
បើតាមទីភ្នាក់ងារព័ត៌មាន AP, ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ អវកាសយានិកអាមេរិកចំនួន ៣ រូប និងកាណាដាចំនួនមួយរូប បានចាប់ផ្តើមធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពរយៈពេល ២ សប្តាហ៍ ។
អវកាសយានិកទាំង ៤ រូបនឹងធ្វើដំណើរតាមរ៉ុក្កែត Space Launch System ។ បេសកកម្មនេះ គឺជាការសាកល្បងហោះជុំវិញភពព្រះចន្ទរបស់អវកាសយានិកលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧២ ។
ការប្រកាសរបស់អង្គការណាសាធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការជោគជ័យការបាញ់សាកល្បងបង្ហោះរ៉ុកកែតលើកទី ២ ដោយគ្មានការលេចធ្លាយឧស្ម័នអ៊ីដ្រូសែន ដូចលើកមុន ។
ប្រធានអង្គការណាសា លោក Jared Isaacman និយាយថា ក្រុមការងារសម្រេចបានវឌ្ឍនភាពដ៏សំខាន់ បន្ទាប់ពីការធ្វើតេស្តសាកល្បងលើកទីពីរបានបញ្ចប់ដោយជោគជ័យ ក្រោយការលេចធ្លាយឧស្ម័នអ៊ីដ្រូសែន ក្នុងការសាកល្បងលើកដំបូងធ្វើឲ្យខកខានដល់ការបាញ់បង្ហោះរ៉ុក្តែតទៅកាន់ទីអវកាសក្នុងខែកុម្ភៈ ។
លោកថា ការធ្វើតេស្តនេះ គឺជាជំហានដ៏ធំមួយ ឆ្ពោះទៅរកការវិលត្រឡប់របស់អាមេរិកទៅកាន់បរិយាកាសឋានព្រះចន្ទ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មុន ។
ក្រៅពីបេសកកម្មនេះ អង្គការណាសាក៏ចង់ធ្វើតេស្តប្រព័ន្ធទ្រទ្រង់ជីវិតរបស់យាន Orion ផងដែរ មុនពេលបេសកកម្ម Artemis 3 បញ្ជូនអវកាសយានិកទៅចុះចតលើផ្ទៃភពព្រះចន្ទ នៅឆ្នាំ ២០២៨ ៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

