ហ្ស៊េរុយសាឡិម ៖ លោក Netanyahu និយាយបង្ហាញពីការភ័យខ្លួន ថា អ៊ីស្រាអែល កំពុងប្រឈមមុខនឹង ថ្ងៃដ៏លំបាក ជាមួយនឹងភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ហ្ស៊េរុយសាឡិម ៖ លោក Netanyahu និយាយបង្ហាញពីការភ័យខ្លួន ថា អ៊ីស្រាអែល កំពុងប្រឈមមុខនឹង ថ្ងៃដ៏លំបាក ជាមួយនឹងភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសជាតិកំពុងប្រឈមមុខនឹង “ថ្ងៃដ៏ស្មុគស្មាញ និងលំបាក” នៅពេលដែលភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ពោលគឺ បន្ទាប់ពីការគម្រាមកំហែង របស់ប្រធានាធិបតី Donald Trump ប្រសិនបើទីក្រុង Tehran បដិសេធមិនទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
លោក Netanyahu បានប្រាប់សមាជិកសភាថា «យើងស្ថិតក្នុងថ្ងៃដ៏ស្មុគស្មាញ និងលំបាកខ្លាំងណាស់… យើងកំពុងតាមដានជាប់លាប់ ហើយត្រៀមខ្លួនសម្រាប់សេណារីយ៉ូណាមួយ»។
លោក Netanyahu ក៏បានឆ្លៀត រំលឹកឡើងវិញ នូវការព្រមានដល់ថ្នាក់ដឹកនំារបស់អ៊ីរ៉ង់ថា «ខ្ញុំបានជម្រាបទៅកាន់របប អាយ៉ាតូឡា ថា ប្រសិនបើពួកគេធ្វើខុសយ៉ាងធ្ងន់ធ្ងរ ក្នុងប្រវត្តិសាស្ត្រ ហើយវាយប្រហារ លើរដ្ឋអ៊ីស្រាអែល យើងនឹងឆ្លើយតបវិញ ដោយកម្លាំង ដែលពួកគេនឹកស្មានមិនដល់»។
លោក Trump បានបញ្ជាឲ្យបង្កើតកងកម្លាំងយោធាដ៏ធំមួយ ទៅតំបន់មជ្ឈិមបូព៌ា ត្រៀមលក្ខណៈផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ។ ប៉ុន្តែ សាធារណរដ្ឋឥស្លាម មួយនេះ បានគំរាមវាយប្រហារមូលដ្ឋានទ័ព របស់អាមេរិក នៅក្នុងតំបន់ទាំងមូល និង អ៊ីស្រាអែល ផងដែរ ប្រសិនបើជា អ៊ីរ៉ង់ ត្រូវបានសហរដ្ឋអាមេរិកវាយប្រហារមែននោះ៕


ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
