បរទេស ៖ កាលពីឆ្នាំ២០២៥ មានអ្នកកាសែត ចំនួន១២៩នាក់បានស្លាប់ នៅទូទាំងពិភពលោក ខណៈដែលអ៊ីស្រាអែល គឺជាប្រទេសដែលត្រូវបានរុញ ឲ្យទទួលខុសត្រូវច្រើនជាងគេ លើការស្លាប់អ្នកសារព័ត៌មានទាំងនោះ។ នេះបើតាមគណៈកម្មាធិការ ការពារអ្នកសារព័ត៌មាន ហៅកាត់ CPJ បង្ហាញរបាយការណ៍ កាលពីថ្ងៃពុធ។
បើតាមអង្គការ មិនស្វែងរកប្រាក់ចំណេញ មួយនេះ, ២០២៥ គឺជាឆ្នាំដែលមានការស្លាប់អ្នកសារព័ត៌មានច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៩២។
អង្គការ CPJ បានរៀបរាប់ថា ក្នុងចំណោមនេះ សមាជិកសារព័ត៌មាន ៨៦នាក់ ត្រូវបានសម្លាប់ ក្រោមស្នាដៃ អ៊ីស្រាអែល ខណៈដែលពួកគេ ភាគច្រើន គឺ ជាជនជាតិប៉ាឡេស្ទីន ប៉ុន្តែ អ៊ីស្រាអែលបានច្រានចោល ថាគ្មានគោលដៅវាយប្រហារលើអ្នកកាសែតទេ។
អង្គការ CPJ ក៏បានគូសបញ្ជាក់ ពីការកើនឡើង នៃ ការស្លាប់អ្នកកាសែត ព្រោះយន្តហោះគ្មានមនុស្សបើក ពេលកំពុងរាយការណ៍ព័ត៌មានផងដែរ ដោយសរុប មានចំនួន ៣៩ករណី រួមទាំង ការសម្លាប់ អ្នកសារព័ត៌មាន ២៨នាក់ ដោយសារដ្រូនរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។
នាយិការ ប្រតិបត្តិ CPJ លោកស្រី Jodie Ginsberg បាននិយាយថា អ្នកសារព័ត៌មាន ត្រូវបានសម្លាប់ ចំពេលដែលការទទួលបានព័ត៌មាន មានសារៈសំខាន់ ជាងពេលណាទាំងអស់៕
ប្រភពពី AFP, ប្រែសម្រួល ៖ សារ៉ាត