វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងចិន បានឈានដល់ការរក្សាស្ថិរភាពជាយុទ្ធសាស្រ្ត នៅក្នុងទំនាក់ទំនងដ៏ប្រេះឆាយូរអង្វែងរវាងប្រទេសទាំងពីរ ។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ក្នុងថ្ងៃពុធ មុនពេលលោក Donald Trump ទៅបំពេញទស្សនកិច្ចនៅប្រទេសមហាយក្សអាស៊ីមួយនេះ ។
ប្រមុខការទូតអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មានថា លោកគិតថា អាមេរិក-ចិនបានឈានដល់ចំណុចមួយ នោះគឺស្ថិរភាពជាយុទ្ធសាស្រ្តនៅក្នុងទំនាក់ទំនងទ្វេភាគី ។
លោកថា ប្រទេសទាំងពីរក៏យល់ឃើញដូចគ្នាដែរថា សង្គ្រាមពាណិជ្ជកម្មសកលរវាងអាមេរិក-ចិន នឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងពីរ និងដល់ពិភពលោក ។
លោក Rubio ដែលមានវ័យ៥៥ឆ្នាំរូបនេះ ក៏បានសន្យាដែរថា នឹងបន្តជំរុញឱ្យប្រទសចិន ចរចាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរត្រីភាគី ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ។
បើតាម CNA, ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន កំពុងកើនឡើងយ៉ាងឆាប់រហ័ស ទោះបីជាវានៅតែទាបជាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកក៏ដោយ ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមិនា ដល់ថ្ងៃទី២ ខែមេសា ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ សម្រាប់អាណត្តិទី២ ។
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា