វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិក និងក្រុមហ៊ុន Northrop Grumman បានព្រមព្រៀងបង្កើនសមត្ថភាពផលិតផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider បន្ថែមចំនួន ២៥ ភាគរយទៀត ដើម្បីឲ្យទាន់ពេលវេលាចូលបម្រើសេវាកម្មនៅឆ្នាំ ២០២៧ ។

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិក និងក្រុមហ៊ុន Northrop Grumman បានព្រមព្រៀងបង្កើនសមត្ថភាពផលិតផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider បន្ថែមចំនួន ២៥ ភាគរយទៀត ដើម្បីឲ្យទាន់ពេលវេលាចូលបម្រើសេវាកម្មនៅឆ្នាំ ២០២៧ ។
ការព្រមព្រៀងបង្កើនសមត្ថភាពផលិតនេះកើតមានឡើង បន្ទាប់ពីយន្តហោះគ្រាប់បែកជំនាន់ទី ៦ B-21 Raider ដែលផលិតដោយក្រុមហ៊ុន Northrop Grumman កំពុងស្ថិតក្រោមការផលិតក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ក្រោយការចុះកិច្ចសន្យាតម្លៃ ៤,៥០០ លានដុល្លារកាលពីខែមករា ឆ្នាំ២០២៤ ។
B-21 Raider គឺជាយន្តហោះដែលមានសមត្ថភាពទាំងផ្ទុកអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយជំនាន់ចុងក្រោយ ដែលធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា ។ វាមានតម្លៃជិត ៧០០ លានដុល្លារក្នុងមួយគ្រឿង ។
B-21 Raider នឹងក្លាយជាយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយបែបយុទ្ធសាស្ត្រ ដែលខ្លាំងក្លា និងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ខណៈអាមេរិកមានទំនុកចិត្តថា វាគឺជាអាវុធយុទ្ធសាស្ត្រសំខាន់ សម្រាប់ទ័ពអាកាសនាពេលអនាគត ។
យោងតាមសេចក្តីថ្លែងការណ៍, ការចែកចាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider ដំបូង នឹងដឹកជញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Ellsworth រដ្ឋ South Dakota ក្នុងឆ្នាំ ២០២៧ ។
បើតាម Military Times, កងទ័ពអាកាសអាមេរិក បានដាក់មហិច្ឆតាបញ្ជាទិញយន្តហោះ B-21 Raider ដល់ទៅ ១០០ គ្រឿង ក្នុងគោលបំណងជំនួសតំណែងកងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយស៊េរីចាស់ៗ រួមមាន B-1B Lancer និង B-2 Spirit ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខទៀតនេះ ៕
ប្រភព ៖ Military Times ប្រែសម្រួល ៖ ឈឹម ទីណា

