ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសថ្លែងការពារសង្រ្គាម របស់អ៊ីស្រាអែល នៅតំបន់ Gaza បើទោះបីជាមានការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ក៏ដោយ។ នេះបើតាមការចេញផ្សាយ របស់ Al Jazeera។

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសថ្លែងការពារសង្រ្គាម របស់អ៊ីស្រាអែល នៅតំបន់ Gaza បើទោះបីជាមានការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ក៏ដោយ។ នេះបើតាមការចេញផ្សាយ របស់ Al Jazeera។
លោក Modi អះអាងបែបនេះ អំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់សភាជាតិ អ៊ីសាអែល កាលពីថ្ងៃពុធ ជាថ្ងៃដំបូង នៃ ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ របស់លោក ទៅកាន់ទីក្រុង ហ្ស៊េរុយសាឡិម។
លោក Modi បានសង្កត់ធ្ងន់ លើការគាំទ្រដ៏យូរអង្វែង របស់ឥណ្ឌា សម្រាប់អ៊ីស្រាអែល។ លោកប្រកាសថ្កោលទោស ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយ ចាត់ទុកទង្វើរបស់ក្រុមហាម៉ាសបែបនេះ ថា គឺជាអំពើព្រៃផ្សៃ ដោយបន្ថែមថា គ្មានហេតុផលណាមួយ អាចបង្ហាញអំពីភាពត្រឹមត្រូវ នៃ ការសម្លាប់ជនស៊ីវិលបានទេ។ លោកបន្តថា ឥណ្ឌាឈរនៅជាមួយអ៊ីស្រាអែល យ៉ាងរឹងមាំ នៅក្នុងពេលនេះ និង តទៅមុខទៀត។
ជាការឆ្លើយតប លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងអំណរគុណ ដល់ឥណ្ឌា សម្រាប់ការ ឈរក្បែរអ៊ីស្រាអែល ហើយ បាននិយាយថា ប្រទេសទាំងពីរបានចែករំលែក ផលប្រយោជន៍រួម។ លោក Netanyahu បានពណ៌នា លោក Modi ថា លើសពីមិត្តភ័ក្ដិ និង បងប្អូន។
ការប្រកាសគាំទ្រ សង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា ពីសំណាក់ លោក Modi កើតមានចំពេលដែល ឥណ្ឌា គឺជាអ្នកទិញអាវុធដ៏ធំបំផុត របស់អ៊ីស្រាអែល ដោយចំណាយប្រាក់ ២០.៥ពាន់លានដុល្លារ ចន្លោះឆ្នាំ ២០២០ និង ២០២៤។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលភាគច្រើន ដោះដូរ លើវិស័យការពារជាតិ និងសន្តិសុខ មានចំនួន ៣.៩ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤៕
ប្រភពពី Al Jazeera, ប្រែសម្រួល ៖ សារ៉ាត

