ម៉ានីល ៖ ភ្នំភ្លើងសកម្មមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាបានព្រួសផេះក្នុងកម្ពស់ដល់ទៅ ២.៥គីឡូម៉ែត្រឡើងទៅលើមេឃ ។

ម៉ានីល ៖ ភ្នំភ្លើងសកម្មមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាបានព្រួសផេះក្នុងកម្ពស់ដល់ទៅ ២.៥គីឡូម៉ែត្រឡើងទៅលើមេឃ ។
ភ្នំភ្លើង Kanlaon គឺជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ របស់ប្រទេសប្រជុំកោះមួយនេះ ដែលធ្លាប់ផ្ទុះឡើងទ្រង់ទ្រាយធំជាច្រើនលើកក្នុងសតវត្សរ៍កន្លងមក រួមទាំងការផ្ទុះនៅឆ្នាំ ១៩៩៦ ដោយបានសម្លាប់អ្នកដើរលេងចំនួន ៣នាក់ដែលនៅជិតកំពូលភ្នំនៅពេលនោះ ។
បើតាម AFP, នាយកទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូណេស៊ី លោក Teresito Bacolcol និយាយថា បន្ទាប់ពីការផ្ទុះឡើងដំបូងក្នុងរយៈពេល ២នាទី ភ្នំភ្លើង Kanlaon ត្រូវបានរំពឹងថា អាចនឹងផ្ទុះសាជាថ្មីកាន់តែខ្លាំងក្លាជាងនេះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ។
លោកថា ភ្នាក់ងាររបស់គាត់ នឹងបន្តតាមដានសកម្មភាពភ្នំភ្លើងនេះ២៤ម៉ោងទៀត មុនពេលសម្រេចចិត្តថាតើគួរ ឬមិនគួរបង្កើនកម្រិតប្រកាសអាសន្នចាប់ពីកម្រិត២ទៅ៣ ក្នុងចំណោម ៥កម្រិត ដែរឬយ៉ាងណា ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីន ដែលមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលភ្នំភ្លើងជាងពាក់កណ្តាលរបស់ពិភពលោកស្ថិតនៅ ។
ហើយហេតុការណ៍ផ្ទុះភ្នំភ្លើងខ្លាំងក្លាបំផុតនៅហ្វីលីពីនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការផ្ទុះភ្នំភ្លើង Pinatubo ក្នុងឆ្នាំ ១៩៩១ ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល ដែលបានសម្លាប់មនុស្សដល់ទៅជាង ៨០០នាក់ឯណោះ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា



