ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក នឹងអភិវឌ្ឍន៍ ព្រមទាំង ដាក់ពង្រាយអាវុធសម្ងាត់ ថ្មីៗ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ Tass។

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក នឹងអភិវឌ្ឍន៍ ព្រមទាំង ដាក់ពង្រាយអាវុធសម្ងាត់ ថ្មីៗ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ Tass។
បើតាមសារព័ត៌មានរុស្ស៊ីមួយនេះ, លោក គីម ជុងអ៊ុន អះអាង អំឡុងសមាជលើកទី៩ របស់ គណបក្សពលករកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ថា «គណៈកម្មាធិការមជ្ឈិមយោធា របស់បក្ស បានកំណត់គោលដៅសំខាន់ៗ សម្រាប់ការផ្តល់ឱ្យកងទ័ព នូវអាវុធយុទ្ធសាស្ត្រ និង សម្ងាត់ ថ្មីៗ, ពិនិត្យដោយប្រុងប្រយ័ត្ន នូវផែនការការពារជាតិថ្មី ដែលបានធ្វើឡើង នៅក្នុងតំបន់ផ្សេងៗគ្នា និង បានអនុម័ត ដោយការទទួលខុសត្រូវ ចំពោះកម្មវិធី រយៈពេលវែង»។
លោក បញ្ជាក់ថា ការងារនឹងចាប់ផ្តើម លើប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប, នាវាមុជទឹក, ប្រព័ន្ធវាយប្រហារគ្មានមនុស្សបើក ដំណើរការដោយ AI , អាវុធពិសេស សម្រាប់វាយប្រហារផ្កាយរណបសត្រូវ ក្នុងពេលមានសង្គ្រាម, ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ព្រមទាំង ផ្កាយរណបឈ្លបយកការណ៍កម្រិតខ្ពស់។
លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា «ក្នុងរយៈពេល ៥ឆ្នាំ ជាមួយនឹងផែនការអភិវឌ្ឍ ការពារជាតិថ្មីត្រូវបានបំពេញ សមត្ថភាពការពារជាតិរបស់យើងនឹងកើនឡើងយ៉ាងខ្លាំង ដល់កម្រិតមួយ ដែលសត្រូវរបស់យើងមិនអាចឈានដល់»។
លោកក៏បានកត់សម្គាល់ផងដែរថា ឧស្សាហកម្មយោធា និងវិស័យស្រាវជ្រាវការពារជាតិ នឹងបន្តការផលិតប្រភេទអាវុធទំនើបៗ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និង ទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ស្របតាមនិន្នាការវិទ្យាសាស្ត្រការពារជាតិអន្តរជាតិ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
