ម៉ានីល ៖ កងទ័ពជើងទឹកហ្វីលីពីន ជប៉ុន និងអាមេរិក ផ្តើមបញ្ចេញសាច់ដុំយោធារួមគ្នានៅដែនទឹកនៃសមុទ្រចិនខាងត្បូង ក្នុងសប្តាហ៍នេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធាត្រីភាគី ។

ម៉ានីល ៖ កងទ័ពជើងទឹកហ្វីលីពីន ជប៉ុន និងអាមេរិក ផ្តើមបញ្ចេញសាច់ដុំយោធារួមគ្នានៅដែនទឹកនៃសមុទ្រចិនខាងត្បូង ក្នុងសប្តាហ៍នេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធាត្រីភាគី ។
ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៧ ខែកុម្ភៈ កងកម្លាំងយោធាហ្វីលីពីននិយាយថា សកម្មភាពរួមគ្នាជាមួយអាមេរិក និងជប៉ុន បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កងកម្លាំងដៃគូ ក្នុងការបង្កើនសមត្ថភាពធ្វើការរួមគ្នា ពង្រឹងសន្តិសុខដែនសមុទ្រ និងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពដែនសមុទ្រនៅក្នុងតំបន់ ។
អំឡុងសមយុទ្ធនេះ ហ្វីលីពីនបានបញ្ជូននាវាចម្បាំង Antonio Luna រួមជាមួយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង ខណៈដែលជប៉ុន និងអាមេរិកបានដាក់ពង្រាយយន្តហោះល្បាត និងនាវា USS Dewey ។
ល្បែងសង្គ្រាមនេះ ក៏រួមមានការហ្វឹកហាត់ផ្សេងៗដូចជា ការផ្គត់ផ្គង់ស្បៀង និងប្រេងនៅកណ្ដាលសមុទ្រ ការល្បាតតាមអាកាសរួមគ្នា និងការត្រួតពិនិត្យប្រព័ន្ធទំនាក់ទំនងរវាងកងទ័ពទាំងបីប្រទេស ។
បើតាម CAN, វត្តមានយោធារបស់ប្រទេសមហាអំណាច មានដូចជាអាមេរិក និងជប៉ុន មិនត្រឹមតែជាការបង្ហាញការគាំទ្រយ៉ាងរឹងមាំដល់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្ញើសារព្រមានយ៉ាងច្បាស់ទៅកាន់ចិន ពីសារៈសំខាន់នៃសេរីភាពនាវាចរណ៍ និងការគោរពច្បាប់អន្តរជាតិនៅក្នុងតំបន់ ។
មុនពេលសមយុទ្ធនេះកើតឡើង ហ្វីលីពីនក៏បានធ្វើសមយុទ្ធស្រដៀងគ្នានេះជាមួយអូស្ត្រាលី និងអាមេរិក កាលពីពាក់កណ្ដាលខែកុម្ភៈផងដែរ ។ ចាប់តាំងពីឆ្នាំ២០២៣មក ហ្វីលីពីនដែលមានជម្លោះដែនទឹកជាមួយចិននៅសមុទ្រចិនខាងត្បូង បានកៀរគរដៃគូរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពយោធា ដែលយុទ្ធសាស្ត្រការពារសិទ្ធិដែនសមុទ្ររបស់ខ្លួន ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
