វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ បានអះអាងថា ប្រទេសរបស់លោក អាចនឹងចូលគ្រប់គ្រងប្រទេសគុយបា ប៉ុន្តែក្នុងលក្ខខណ្ឌជា “មិត្តភាព” ប៉ុណ្ណោះ ។

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ បានអះអាងថា ប្រទេសរបស់លោក អាចនឹងចូលគ្រប់គ្រងប្រទេសគុយបា ប៉ុន្តែក្នុងលក្ខខណ្ឌជា “មិត្តភាព” ប៉ុណ្ណោះ ។
ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលមេដឹកនាំអាមេរិករូបនេះ កំពុងជំរុញឱ្យមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំក្នុងប្រទេសដីកោះតំបន់សមុទ្រការ៉ាប៊ីនមួយនេះ ដែលដឹកនាំដោយលទ្ធិកុម្មុយនិស្ត ក្នុងរយៈពេលពីរខែចុងក្រោយ ដោយប្រើប្រាស់ទាំងសម្ពាធសេដ្ឋកិច្ច និងផ្នែកការទូត ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើវាលស្មៅសេតវិមាន ក្នុងថ្ងៃសុក្រ ថា រដ្ឋាភិបាលគុយបាកំពុងចរចាជាមួយយើង ហើយពួកគេកំពុងជួបបញ្ហាធំ ។ ពួកគេគ្មានប្រាក់ទេ ។
លោកថា គុយបាគ្មានអ្វីទេនៅពេលនេះ ប៉ុន្តែពួកគេកំពុងចរចាជាមួយយើង ។ ហើយប្រហែលជាយើងនឹងមានការគ្រប់គ្រងក្នុងលក្ខខណ្ឌជា “មិត្តភាព” លើប្រទេសគុយបា ។ យើងអាចបញ្ចប់ដោយការគ្រប់គ្រងជាមិត្តភាពលើគុយបា ។
ជាមួយគ្នានេះ លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានបញ្ជាក់ជាថ្មីអំពីជំហររបស់លោកថា គុយបា គឺជាប្រទេសកំពុងបរាជ័យ ហើយកំពុងដើរលើផ្លូវនៃការដួលរលំ ។ លោកថា តាំងពីខ្ញុំនៅក្មេងមក ខ្ញុំបានឮអំពីប្រទេសគុយបា ហើយមនុស្សគ្រប់គ្នាចង់ផ្លាស់ប្តូរ ហើយខ្ញុំអាចមើលឃើញថា រឿងនោះនឹងកើតឡើង ។
បើតាម Aljazeera, ភាពតានតឹងរវាងអាមេរិកជាមួយគុយបា ដែលជាប្រទេសដីកោះតូចមួយ មានចម្ងាយត្រឹមតែ ១៤៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ខ្លួន ជាយូរយាណាស់មកហើយ ។ តួយ៉ាង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ អាមេរិកបានដាក់ទណ្ឌកម្មពាណិជ្ជកម្មទាំងស្រុងលើគុយបា ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់កោះនេះដាំក្បាលចុះយ៉ាងគំហុក ។
ហើយភាពតានតឹងនេះ បានពុះកញ្ជ្រោលខ្លាំងឡើងចាប់តាំងពីថ្ងៃទី៣ ខែមករាដើមឆ្នាំ នៅពេលដែលលោក ត្រាំ បានអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ដើម្បីចាប់ខ្លួន និងឃុំឃាំងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គុយបា ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា
