ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសនឹងបន្តវាយប្រហារប្រទេសអ៊ីរ៉ង់មិនដកដៃរយៈពេល ៤ ថ្ងៃជាប់គ្នា ។

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសនឹងបន្តវាយប្រហារប្រទេសអ៊ីរ៉ង់មិនដកដៃរយៈពេល ៤ ថ្ងៃជាប់គ្នា ។
ការប្រកាសរបស់លោក Netanyahu ធ្វើឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានស្រាក់ដៃគ្នាជាមួយសហរដ្ឋអាមេរិកបើកប្រតិបត្តិការវាយប្រហារដំណាក់កាលដំបូងទៅលើប្រទេសអ៊ីរ៉ង់រួចទៅហើយនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ។
បើតាម RT, ប្រតិបត្តិការដែលលោក Netanyahu ដាក់ឈ្មោះថា “តោគ្រហឹម” បានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ជាច្រើនរូប ខណៈទីស្នាក់ការនុយក្លេអ៊ែរ, ក្រសួងការពារជាតិ និងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ayatollah Ali Khamenei កំពុងក្លាយជាគោលដៅវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
យ៉ាងណា លោក Ali Khamenei មិនស្ថិតក្នុងទីក្រុងតេហេរ៉ង់នោះទេ ពោលមេដឹកនាំកំពូលរូបនេះ ត្រូវបានផ្លាស់ទៅទីតាំងមានសុវត្ថិភាពជាមុនរួចទៅហើយ ។
បើតាម The Times of Israel, ការវាយប្រហារនេះកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បង្ហាញការមិនសប្បាយចិត្តជាមួយអ៊ីរ៉ង់ ទាក់ទិននឹងការបរាជ័យនៃការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងភាគីទាំងពីរ ។
យ៉ាងណា ក្រោយការវាយប្រហារនេះ អ៊ីរ៉ង់ក៏បានធ្វើការសងសឹកទៅលើអ៊ីស្រាអែលវិញផងដែរ ដោយបាញ់ស្រោចមីស៊ីលផ្លោងពី ៣០ ទៅ ៧៥ គ្រាប់សំដៅទៅតំបន់មួយចំនួនរបស់អ៊ីស្រាអែល ។
មន្ត្រីអ៊ីរ៉ង់បានប្រាប់កាសែត Walla ថា ការបាញ់សងសឹកនេះគឺដើម្បីបំបាក់កងកម្លាំងរបស់អ៊ីស្រាអែល ជាពិសេសគឺដើម្បីកម្ទេចប្រព័ន្ធបាញ់មីស៊ីល និងមូលដ្ឋានយោធារបស់អ៊ីស្រាអែលដែលប្រើសម្រាប់ប្រតិបត្តិការយន្តហោះដ្រូនវាយប្រហារមកលើអ៊ីរ៉ង់ ៕
ប្រភព ៖ Times of Israel – Jerusalem Post ប្រែសម្រួល ៖ សុខ ជីវ័ន្ត

