វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានផ្ញើសារគំរាមដ៏ខ្លាំងក្លាមួយទៅកាន់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយព្រមានធ្ងន់ៗថា ប្រសិនបើជីវិតរបស់ជនជាតិអាមេរិកត្រូវបានសម្លាប់ នោះ «យើងនឹងសម្លាប់អ្នក» វិញ ។

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានផ្ញើសារគំរាមដ៏ខ្លាំងក្លាមួយទៅកាន់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយព្រមានធ្ងន់ៗថា ប្រសិនបើជីវិតរបស់ជនជាតិអាមេរិកត្រូវបានសម្លាប់ នោះ «យើងនឹងសម្លាប់អ្នក» វិញ ។
លោក Hegseth បានបង្ហោះសារលើបណ្តាញសង្គម X ផ្លូវការរបស់គាត់ថា ប្រសិនបើអ៊ីរ៉ង់សម្លាប់ ឬគំរាមកំហែងជនជាតិអាមេរិកនៅគ្រប់ទីកន្លែងក្នុងពិភពលោក ដូចដែលអ៊ីរ៉ង់ធ្លាប់ធ្វើ នោះយើងនឹងតាមប្រមាញ់អ្នក ហើយយើងនឹងសម្លាប់អ្នក ។ អ្នកចម្បាំងរបស់អាមេរិក គឺល្អបំផុតនៅក្នុងពិភពលោក ។
ប្រមុខការពារជាតិអាមេរិករូបនេះបន្តថា ប្រតិបត្តិការយោធារបស់អាមេរិក ដែលបញ្ជាដោយលោកប្រធានាធិបតី Donald Trump គឺជា «ប្រតិបត្តិការវាយប្រហារផ្លូវអាកាសដ៏សាហាវបំផុត ស្មុគស្មាញបំផុត និងមានភាពជាក់លាក់បំផុតក្នុងប្រវត្តិសាស្ត្រ» ។ លោកថា របបដឹកនាំអ៊ីរ៉ង់មានឱកាស ប៉ុន្តែបានបដិសេធមិនធ្វើកិច្ចព្រមព្រៀង ហើយឥឡូវនេះ ពួកគេកំពុងរងផលវិបាកដ៏ធ្ងន់ធ្ងរបំផុតមិនអាចបកក្រោយបាន ។
លោក Hegseth ដែលមានវ័យ៤៦ឆ្នាំរូបនេះ បានអះអាងថា អស់រយៈពេលជិត ៥០ឆ្នាំមកហើយ អ៊ីរ៉ង់បានកំណត់គោលដៅ និងសម្លាប់ជនជាតិអាមេរិក ដោយតែងតែស្វែងរកអាវុធដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដើម្បីជំរុញបុព្វហេតុរ៉ាឌីកាល់របស់ពួកគេ ។ ប៉ុន្តែយប់មិញ មិនដូចប្រធានាធិបតីអាមេរិកមុនៗទេ លោកប្រធានាធិបតី Trump បានចាប់ផ្តើមដោះស្រាយជាមួយជំងឺមហារីកនេះហើយ ។
លោក Hegseth បានសង្កត់ធ្ងន់ថា យើងនឹងមិនអត់ឱនឱ្យដាច់ខាត ចំពោះមីស៊ីលដ៏មានឥទ្ធិពលណាមួយ ដែលកំណត់គោលដៅលើប្រជាជនអាមេរិក ។ ដូចដែលលោកប្រធានាធិបតី Trump ធ្លាប់បាននិយាយរួចហើយថា ពេញមួយជីវិតរបស់គាត់ នឹងមិនបើកដៃឱ្យអ៊ីរ៉ង់មានឱកាសអាវុធនុយក្លេអ៊ែរបានដាច់ខាត ។ លោកថា សហរដ្ឋអាមេរិកមិនបានចាប់ផ្តើមជម្លោះនោះទេ ប៉ុន្តែយើងនឹងបញ្ចប់វា ៕
ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា

