គូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់លើសាមគ្គីភាព និងអំពាវនាវឱ្យមានដំណោះស្រាយការទូតជាបន្ទាន់ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកៀកស្មារជាមួយអ៊ីស្រាអែល រួមគ្នាវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ។

គូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់លើសាមគ្គីភាព និងអំពាវនាវឱ្យមានដំណោះស្រាយការទូតជាបន្ទាន់ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកៀកស្មារជាមួយអ៊ីស្រាអែល រួមគ្នាវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី អាន់វ៉ា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់សម្តីចេញផ្សាយថា រូបលោកបានអំពាវនាវដល់អាមេរិក និងអ៊ីរ៉ង់ ឲ្យបន្តការចរចាផ្នែកការទូត ជាជាងបង្កើនភាពតានតឹងបន្ថែមទៀត ហើយថា សហគមន៍អន្តរជាតិត្រូវធ្វើសកម្មភាពជាបន្ទាន់ និងដោយគ្មានស្តង់ដារពីរ ។
មេដឹកនាំម៉ាឡេស៊ីរូបនេះ បានរិះគន់ចំៗថា ការចាប់ផ្តើមវាយប្រហាររបស់អ៊ីស្រាអែល គឺជាការប៉ុនប៉ងដ៏អាក្រក់មួយ ដើម្បីបំផ្លាញការចរចាដែលកំពុងដំណើរការ និងអូសទាញប្រទេសដទៃទៀតចូលទៅក្នុងជម្លោះ ដែលមិនអាចទប់ស្កាត់បាន ។ លោកថា ការវាយប្រហារទាំងនេះ បាននាំតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅកាន់គែមនៃគ្រោះមហន្តរាយ ។
ចំណែកនៅអាទិត្យ លោក អាន់វ៉ា ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុក ដោយបានសម្តែងការព្រួយបារម្ភរបស់លោក ចំពោះសុវត្ថិភាពប្រជាជនម៉ាឡេស៊ីនៅអ៊ីរ៉ង់ និងទីកន្លែងផ្សេងទៀតនៅក្នុងតំបន់ ។ លោកថា ម៉ាឡេស៊ី បានឈរក្នុងស្មារតីសាមគ្គីភាពជាមួយប្រជាជនមូស្លីម និងសហគមន៍ទាំងអស់នៅមជ្ឈិមបូព៌ា ដែលរងផលប៉ះពាល់ដោយសារភាពតានតឹង ។
គួរបញ្ជាក់ថា អាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅជាច្រើនក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈដែលអ៊ីរ៉ង់បានសងសឹកវិញភ្លាមៗ ដោយការបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតវាយលុកទីតាំងយោធាអាមេរិកនៅក្នុងបណ្តាប្រទេសទូទាំងតំបន់មជ្ឈិមបូព៌ា ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
