នីកូស៊ី ៖ ប្រធានាធិបតី ស៊ីប និយាយ នៅថ្ងៃចន្ទនេះថា មូលដ្ឋានយោធាអង់គ្លេស នៅក្នុងប្រទេសនេះ បានរងការវាយប្រហារ ដោយដ្រូន ប្រភេទ Shahed ដែលគេដឹងថា ផលិតនៅអ៊ីរ៉ង់។

នីកូស៊ី ៖ ប្រធានាធិបតី ស៊ីប និយាយ នៅថ្ងៃចន្ទនេះថា មូលដ្ឋានយោធាអង់គ្លេស នៅក្នុងប្រទេសនេះ បានរងការវាយប្រហារ ដោយដ្រូន ប្រភេទ Shahed ដែលគេដឹងថា ផលិតនៅអ៊ីរ៉ង់។
លោក Nikos Christodoulides ប្រធានាធិបតីនៃប្រទេសជាកោះមួយនេះ បានអះអាងថា យន្តហោះគ្មានមនុស្សបើក បានធ្លាក់ចូលទៅក្នុងមូលដ្ឋានយោធាអង់គ្លេស នៅតំបន់ Akrotiri បណ្តាលឱ្យ ខូចខាតសម្ភារៈបន្តិចបន្តួច។
ជាមួយគ្នានេះ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស បាននិយាយ នៅថ្ងៃចន្ទនេះដែរថា កងកម្លាំងអង់គ្លេស កំពុងឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលសង្ស័យកើតមាន នៅឯមូលដ្ឋានយោធារបស់ខ្លួន ក្នុងប្រទេស ស៊ីប ដោយមិនមានការរាយការណ៍ ពីមនុស្សស្លាប់នោះទេ។
ឧបទ្ទវហេតុនេះ បានកើតឡើង នៅ១ថ្ងៃ បន្ទាប់ពី ចក្រភពអង់គ្លេស អះអាងថា យល់ព្រម អនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធា របស់ចក្រភពអង់គ្លេស ដើម្បីបាញ់ការវាយប្រហារ ការពារ សំដៅបំផ្លាញមីស៊ីលអ៊ីរ៉ង់ និងគ្រាប់បាញ់ផ្សេងៗទៀត របស់ប្រទេសមួយនេះ។
ជាការឯកភាព បន្ទាប់ពីអាមេរិក និង អ៊ីស្រាអែល បើកការវាយប្រហារយ៉ាងចាស់ដៃ លើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យមានការសងសឹកវាយបកវិញ ពីទីក្រុងតេហេរ៉ង់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
