តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសទាត់ចោលការចរចាជាមួយអាមេរិក ហើយថែមទាំងបានចោទប្រកាន់ចំៗថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក គឺជាអ្នកធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងស្ថានភាពចលាចល ។

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសទាត់ចោលការចរចាជាមួយអាមេរិក ហើយថែមទាំងបានចោទប្រកាន់ចំៗថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក គឺជាអ្នកធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងស្ថានភាពចលាចល ។
បើតាម Straits Times, លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានប្រកាសបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា មន្ត្រីអ៊ីរ៉ង់បានស្វែងរកការចាប់ផ្តើមការចរចាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ។
របាយការណ៍នេះ កើតឡើងបន្ទាប់ពីរលកនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ក្រោយទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចានុយក្លេអ៊ែរ ។
ឆ្លើយតបការផ្សព្វផ្សាយបំភ្លើសនេះ លោក Larijani បានបញ្ជាក់ច្បាស់ៗនៅលើបណ្តាញសង្គម X នៅថ្ងៃទី២ ខែមិនាថា “ការស្រមើស្រមៃគ្មានមូលដ្ឋាន” របស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភាពវឹកវរ ។
លោកថា លោក ត្រាំ បានធ្វើឲ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពចលាចល ជាមួយនឹង “ការស្រមើស្រមៃគ្មានមូលដ្ឋាន” របស់ខ្លួន ហើយឥឡូវនេះ មានការភ័យខ្លាចថា កងទ័ពអាមេរិកនឹងស្លាប់បន្ថែមទៀត ។
យោងតាម Al Jazeera, យ៉ាងហោចណាស់សមាជិកយោធាអាមេរិកចំនួន ៣នាក់ត្រូវបានសម្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ នេះបើតាមប្រភពពីទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ (CENTCOM) ។
គួរកត់សម្គាល់ អាមេរិក-អ៊ីស្រាអែលនៅតែប្រកៀកស្មារគ្នាបន្តការវាយប្រហាររបស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ង់ គិតត្រឹមនៅថ្ងៃចន្ទទី២ ខែមិនានេះ ដែលជាថ្ងៃទីបីហើយនៃយុទ្ធនាការមួយដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាមានគោលបំណងផ្លួលរលំរដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្នចេញពីអំណាច ។
អ៊ីរ៉ង់បានសងសឹកវិញ ដោយការបាញ់ស្រោចមីស៊ីល និងប្រើប្រាស់យន្តហោះដ្រូនអត្តឃាត ដែលកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា រហូតដល់ក្នុងប្រទេសឈូងសមុទ្រ ខណៈពេលដែលមានការព្រួយបារម្ភខ្លាំងថា សង្គ្រាមក្នុងតំបន់នេះនឹងរីកធំកាន់តែទូលំទូលាយ ៕
ប្រភព ៖ Straits Times និង Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា
