ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបង្ហើបអំពីការបោះដៃឲ្យគ្នាទៅវិញទៅមកជាមួយនឹងចារកម្មរបស់អ៊ីស្រាអែល រហូតឈានដល់ការវាយប្រហារសម្លាប់លោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់នៅនឹងកន្លែង ។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបង្ហើបអំពីការបោះដៃឲ្យគ្នាទៅវិញទៅមកជាមួយនឹងចារកម្មរបស់អ៊ីស្រាអែល រហូតឈានដល់ការវាយប្រហារសម្លាប់លោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់នៅនឹងកន្លែង ។
មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារទៅលើអ៊ីរ៉ង់, CIA ក្ដាប់បានព័ត៌មានដ៏សំខាន់មួយចំនួនពីលោក Ali Khamenei ជាពិសេសគឺព័ត៌មានអំពីកិច្ចប្រជុំបន្ទាន់ដែលដឹកនាំដោយលោក Ali Khamenei កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅឯអគាររដ្ឋាភិបាលមួយកន្លែងនៅកណ្តាលទីក្រុងតេហេរ៉ង់ ។
CIA និយាយថា ដើមឡើយ យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលគ្រោងនឹងវាយប្រហារលើអ៊ីរ៉ង់នៅពេលយប់ប៉ុណ្ណោះ ដើម្បីបិទបាំងពីបច្ចេកវិទ្យាអាវុធរបស់ខ្លួន ។ ប៉ុន្តែបន្ទាប់ពីដឹងអំពីកិច្ចប្រជុំនេះ អាមេរិក និងអ៊ីស្រាអែល បានប្រែក្រឡាស់ចិត្តកែសម្រួលពេលវេលាវាយប្រហារទៅពេលព្រឹកព្រលឹម ដើម្បីចាប់យកឱកាស និងធ្វើឲ្យអ៊ីរ៉ង់ភ្ញាក់ផ្អើល ។
ជាក់ស្ដែងក្រោយក្ដោបបានព័ត៌មាននេះ CIA បានបោះដៃអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំរបស់លោក Ali Khamenei ទៅឲ្យចារកម្មអ៊ីស្រាអែល ។ ទ្រនិចនាឡិកាវាយប្រហារបានរំកិលដល់ពេលកំណត់ ពោលនៅម៉ោងប្រហែល ៦ ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែលបានចាប់ផ្ដើមដាក់ចេញប្រតិបត្តិការមានឈ្មោះថា “តោគ្រហឹម” ដើម្បីត្រៀមវាយប្រហារទៅលើទីតាំងប្រជុំរបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ។
រយៈពេល ២ ម៉ោងក្រោយមក ពោលនៅម៉ោងប្រហែល ៩ និង ៤០ ព្រឹក យន្តហោះចម្បាំងអាមេរិក និងអ៊ីស្រាអែលប្រហែល ២០០ គ្រឿង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរាប់រយគ្រាប់ កម្ទេចប្រព័ន្ធខែការពារដែនអាកាសរបស់អ៊ីរ៉ង់ រហូតអាចជ្រែកខ្លួនចូលទៅទម្លាក់គ្រាប់លើអគាររដ្ឋាភិបាលអ៊ីរ៉ង់ រួមទាំងអគារស្នាក់នៅរបស់លោក Ali Khamenei ផងដែរ ។
រូបភាពផ្កាយរណបបង្ហាញថា អគាររបស់មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ក្នុងការវាយប្រហារត្រឹមតែរយៈពេល កន្លះម៉ោងប៉ុណ្ណោះ ។ លុះដល់ព្រឹកថ្ងៃទី១ ខែមីនា ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បញ្ជាក់ពីការស្លាប់របស់មេបញ្ជាជាច្រើនរូប រួមទាំងមេដឹកនាំលោក Ali Khamenei ផងដែរ ។
បើតាម The Times of Israel, ការវាយប្រហារនេះកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បង្ហាញការមិនសប្បាយចិត្តជាមួយអ៊ីរ៉ង់ ទាក់ទិននឹងការបរាជ័យនៃការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងភាគីទាំងពីរ ។
យ៉ាងណា ក្រោយការវាយប្រហារសម្លាប់មេដឹកនាំកំពូលរបស់ខ្លួនហើយនោះ អ៊ីរ៉ង់ក៏បានធ្វើការសងសឹកវិញផងដែរ តាមរយៈការបាញ់ស្រោចមីស៊ីលដូចទឹកភ្លៀងទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់អាមេរិកនៅក្នុងប្រទេសមជ្ឈិមបូព៌ាប្រមាណជា ១១ ប្រទេសផងដែរ ។
មន្ត្រីអ៊ីរ៉ង់បានប្រាប់កាសែត Walla ថា ការបាញ់សងសឹកនេះគឺដើម្បីបំបាក់កងកម្លាំងរបស់អ៊ីស្រាអែល និងអាមេរិក ជាពិសេសគឺដើម្បីកម្ទេចប្រព័ន្ធបាញ់មីស៊ីល និងមូលដ្ឋានយោធារបស់អ៊ីស្រាអែលដែលប្រើសម្រាប់ប្រតិបត្តិការយន្តហោះដ្រូនវាយប្រហារមកលើអ៊ីរ៉ង់ ។
ការវាយប្រហារដាក់គ្នាទៅវិញទៅមករវាងភាគីទាំងពីរក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ បណ្តាលឲ្យមនុស្សជាង ២០០ នាក់ស្លាប់បាត់បង់ជីវិត និងជិត ១ ពាន់នាក់រងរបួស ៕
ប្រភព ៖ New York Post – The Times of Israel ប្រែសម្រួល ៖ សុខ ជីវ័ន្ត

