ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក នឹងបើកកិច្ចពិភាក្សាមួយក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក នឹងបើកកិច្ចពិភាក្សាមួយក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។
យោងតាមការប្រកាសរបស់ក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក វេទិកានេះក្រោមប្រធានបទ «សំឡេងនៃអនាគត» នឹងផ្តល់ឱកាសដល់អ្នកចូលរួមវ័យក្មេងទទួលបានគំនិត និងទស្សនៈការអភិវឌ្ឍសេដ្ឋកិច្ចពីអ្នកបង្កើតគោលនយោបាយ អ្នកការទូត និងអ្នកសេដ្ឋវិទូ ដោយផ្ទាល់ ស្របនឹងការកើនឡើងនៃមេដឹកនាំវ័យក្មេង ក្នុងការបង្កើតពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន។
ព្រឹត្តិការណ៍ដែលប្រមូលផ្តុំដោយមន្រ្តី សហគ្រិន និងអ្នកដឹកនាំធុរកិច្ចរបស់អាម៉េរិក និងកម្ពុជា នឹងផ្ដល់ឱកាសដល់យុវជន ៥០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ ដើម្បីទទួលបានចំណេះដឹង អំពីទំនាក់ទំនងអាម៉េរិក និងកម្ពុជា ក៏ដូចជា បញ្ហាប្រឈមរបស់កម្ពុជា នាពេលអនាគត។
ក្នុងវេទិកានេះ ក៏មានការពិភាក្សាអំពីការពង្រីកផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ ការលើកកម្ពស់ការបង្កើតថ្មី និងគាំទ្រដល់សហគ្រិនភាពយុវជន ផងដែរ។
វេទិកានេះបានឆ្លុះបញ្ចាំងពីការជំរុញឱ្យកាន់តែទូលំទូលាយក្នុងការចូលរួមមនុស្សជំនាន់ក្រោយរបស់កម្ពុជា ក្នុងផ្នែកការទូតសេដ្ឋកិច្ច ស្របពេលកម្ពុជាកំពុងស្វែងរកការលើកកម្ពស់ការប្រកួតប្រជែង និងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាម៉េរិក។
អាម៉េរិក បានក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទីពីររបស់កម្ពុជា ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជា ទៅអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ។ ចំណែក ការនាំចូលពីអាម៉េរិក មកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៤១៧លានដុល្លារ៕
ដោយ៖ខន ណារី



