វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិងកំពុងបង្កើនការវាយប្រហាររបស់ពួកគេទៅលើអ៊ីរ៉ង់ បន្ទាប់ពីពួកគេបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះកាលពីចុងសប្តាហ៍។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិងកំពុងបង្កើនការវាយប្រហាររបស់ពួកគេទៅលើអ៊ីរ៉ង់ បន្ទាប់ពីពួកគេបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះកាលពីចុងសប្តាហ៍។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបោះពាក្យសម្តីព្រមានធ្ងន់ៗ នៅក្នុងបទសម្ភាសន៍មួយរបស់ទូរទស្សន៍ CNN ថា រលកវាយប្រហារដ៏ធំ នឹងទៅដល់ប្រទេសអ៊ីរ៉ង់ឆាប់ៗនេះ ។
បើតាម NHK ចេញផ្សាយថ្ងៃទី៣ ខែមិនា, លោកប្រធានាធិបតី ត្រាំ បាននិយាយយ៉ាងដូច្នេះថា យើងកំពុងធានាថា ប្រទេសដែលឧបត្ថម្ភភេរវកម្មលំដាប់លេខមួយរបស់ពិភពលោក (អ៊ីរ៉ង់) នឹងគ្មានថ្ងៃអាចទទួលបានអាវុធនុយក្លេអ៊ែរបានឡើយ ។
ដោយឡែក កាលពីថ្ងៃចន្ទ លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានអះអាងថា ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ អាចនឹងត្រូវចំណាយពេលពី ៤ ទៅ ៥ សប្តាហ៍ ប៉ុន្តែអាមេរិកមានសមត្ថភាពបន្តប្រយុទ្ធយូរជាងនេះទៀត ប្រសិនបើចាំបាច់ ។
ជាមួយគ្នានោះ លោកប្រធានាធិបតី ត្រាំ ក៏បានសម្តែងការចូលរួមរំលែកទុក្ខចំពោះសមាជិកយោធាអាមេរិកចំនួន ៦នាក់ ដែលត្រូវបានសម្លាប់ ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ។
បើតាមរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រូបាយអូ, ជនជាតិអាមេរិកប្រមាណ ៩,០០០នាក់បានចាកចេញពីតំបន់មជ្ឈិមបូព៌ា ចាប់តាំងប្រតិបត្តិយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ចាប់ផ្តើម ។ យោងតាមទីបញ្ជាការកណ្តាលអាមេរិក, ខ្លួនបានវាយប្រហារគោលដៅជាង ១,២៥០កន្លែងនៅអ៊ីរ៉ង់ក្នុងរយៈពេល ៤៨ម៉ោងដំបូងនៃសង្គ្រាម ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

