សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣ ០០០គ្រួសារ ដែលរងគ្រោះដោយទឹកភ្លៀង នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣ ០០០គ្រួសារ ដែលរងគ្រោះដោយទឹកភ្លៀង នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
Read: ស្ថានការណ៍ផុយស្រួយនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែបណ្តាលឱ្យប្រជាជនភៀសសឹកកម្ពុជាជាង១ម៉ឺន៥ពាន់គ្រួសារទៀតមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងនោះមានជាង ៣ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបន្តស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព។ ពួកគាត់បានជួបការលំបាកទ្វេដងដោយសារទឹកភ្លៀងកាលពីពេលថ្មីៗនេះ។
ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាកខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ចែកជូនផ្ទាល់ដៃដល់ប្រជាជនភៀសសឹកចំនួន ៣ ០០០គ្រួសារ ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ ក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
ពិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន៣ ៖ ទីតាំងទី១ នៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាម សម្រាប់ប្រជាជនចំនួន ៩៣១គ្រួសារ និងទីតាំងទី២ នៅវត្តពោធិ៍សូរិយារាម សម្រាប់ប្រជាជន ៣៣៧គ្រួសារ ដែលភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ។ ដោយឡែក ទីតាំងទី៣ គឺនៅសាលាបឋមសិក្សាតាយឹង ព្រៃវែង សម្រាប់ប្រជាជន ១ ៧៣២គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងវត្តកណ្តោល និងភូមិពព្លាក់ មកពីភូមិចំនួន៦ នៃស្រុកថ្មពួក។
ប្រជាជនភៀសសឹកទាំងអស់មានក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរយកចិត្តទុកដាក់គ្រប់ពេលវេលាពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយជាគ្រឿងឧបភោក បរិភោគ និងថវិកា ជួយសម្រាលការលំបាកនាពេលនេះ។
ដោយឡែក កាកកបាទក្រហមកម្ពុជា ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម និងវត្តពោធិ៍សូរិយារាម ផងដែរ៕
ដោយ / គ្រី សម្បត្តិ
















