ម៉ាឌ្រីដ ៖ មេដឹកនាំអេស្ប៉ាញ នៅថ្ងៃទី៤ ខែមិនា បានផ្ញើសារបែបផ្លែផ្លាទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញថា ប្រទេសរបស់ខ្លួនមិនត្រូវការសង្គ្រាមទេ ហើយក៏មិនធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់ពិភពលោកដែរ ។

ម៉ាឌ្រីដ ៖ មេដឹកនាំអេស្ប៉ាញ នៅថ្ងៃទី៤ ខែមិនា បានផ្ញើសារបែបផ្លែផ្លាទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញថា ប្រទេសរបស់ខ្លួនមិនត្រូវការសង្គ្រាមទេ ហើយក៏មិនធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់ពិភពលោកដែរ ។
សម្តីផ្លែផ្កានេះ ធ្វើឡើងឆ្លើយតបការរិះគន់របស់លោកប្រធានាធិបតី ត្រាំ ដែលបានគំរាមកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មជាមួយអេស្ប៉ាញទាំងអស់ ក្រោយសម្ព័ន្ធមិត្តណាតូមួយនេះ មិនព្រមបើកដៃឱ្យអាមេរិកប្រើមូលដ្ឋានទ័ពខ្លួនវាយប្រហារអ៊ីរ៉ង់ ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស បានបញ្ជាក់ច្បាស់ៗតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋថា ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញ អាចសង្ខេបបានជាបួនពាក្យ នោះគឺ “គ្មានទេសង្គ្រាម” ។
លោកថា អេស្ប៉ាញ នឹងមិនចូលរួមសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ពិភពលោក និងផ្ទុយពីតម្លៃ ព្រមទាំងផលប្រយោជន៍របស់អេស្ប៉ាញឡើយ ហើយថា ការសម្រេចចិត្តបែបនេះ មិនមែនព្រោះតែភ័យខ្លាចការសងសឹកនោះទេ ។
លោក សាន់ឆេស ដែលមានវ័យ៥៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អេស្ប៉ាញ ប្រឆាំងនឹងគ្រោះមហន្តរាយនេះ ហើយជំហររបស់លោកត្រូវបានចែករំលែកដោយរដ្ឋាភិបាលជាច្រើនទៀត និង ពលរដ្ឋរាប់លាននាក់នៅទូទាំងទ្វីបអឺរ៉ុប អាមេរិកខាងជើង និងមជ្ឈិមបូព៌ាដែលមិនចង់បានសង្គ្រាម ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសម្ព័ន្ធមិត្តអង្គការណាតូទាំងពីរ បានកើនឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី សាន់ឆេស បានថ្កោលទោសការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ថា ជាការធ្វេសប្រហែស និងខុសច្បាប់អន្តរជាតិ ។
ហើយក្រោយមក បានហាមឃាត់យន្តហោះអាមេរិក មិនឲ្យប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក និងអាកាសនៅភាគខាងត្បូងអេស្ប៉ាញ សម្រាប់ការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


