ហ៊្សេរុយសាឡិម ៖ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំកម្ទេចក្រុមហេសបូឡា នៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់ប្រទេសលីបង់ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានបញ្ជាឱ្យប្រជាជនជាង ៥០០,០០០នាក់រត់នៅតំបន់នោះជម្លៀសខ្លួនជាបន្ទាន់ ។

បទបញ្ជាភៀសខ្លួនទ្រង់ទ្រាយធំ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ប្រជាជននៅភាគខាងត្បូងនៃទីក្រុងបេរូត គឺមិនធ្លាប់មានពីមុនមកក្នុងទំហំធំបែបនេះទេ សូម្បីតែក្នុងអំឡុងសង្គ្រាមរយៈពេល ១៣ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងឆ្នាំ២០២៤ ក៏ធ្លាប់មិនមានបទបញ្ជាជម្លៀសចេញទូលំទូលាយបែបនេះដែរ ។
យ៉ាងណាមិញ បន្ទាប់ពីទុកពេលប៉ុន្មានឱ្យប្រជាជនភៀសខ្លួន យោធាអ៊ីស្រាអែលនៅល្ងាចថ្ងៃព្រហស្បតិ៍ដដែល បានបើកការវាយប្រហារប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡានៅក្នុងតំបន់នោះ ។
ការបង្ហួរឈាមនៅលើទឹកដីប្រទេសលីបង់នេះ ចាប់ផ្តើមឡើងបន្ទាប់ពីក្រុមហេសបូឡាបានបាញ់ស្រោចមីស៊ីល និងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតវាយប្រហារប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ដើម្បីសងសឹកឱ្យការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមេនី ។
យោងតាមក្រសួងសុខាភិបាលលីបង់, យ៉ាងហោចណាស់មនុស្ស ១០២នាក់ត្រូវបានសម្លាប់ និង ៦៣៨នាក់ទៀតរងរបួសនៅលីបង់ ដោយការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ។
ដោយឡែក សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់វិញ ដែលឥឡូវនេះឈានដល់ថ្ងៃទី៦ហើយ ក៏បានសម្លាប់មនុស្សប្រមាណ ១,២៣០នាក់នៅអ៊ីរ៉ង់ និងប្រហែល ១២នាក់នៅអ៊ីស្រាអែល ព្រមទាំងទាហានអាមេរិកចំនួន ៦នាក់ផងដែរ ។

ប្រភព ៖ The Guardian ប្រែសម្រួល ៖ ឈឹម ទីណា