ឡុងដ៍ ៖ មេដឹកនាំអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ បានប្រកាសត្រៀមបញ្ជូនយន្តហោះចម្បាំង Typhoon ចំនួន ៤ គ្រឿងថែមទៀត ទៅកាន់ប្រទេសកាតា ស្របពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាឆាបឆេះរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង ។

ឡុងដ៍ ៖ មេដឹកនាំអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ បានប្រកាសត្រៀមបញ្ជូនយន្តហោះចម្បាំង Typhoon ចំនួន ៤ គ្រឿងថែមទៀត ទៅកាន់ប្រទេសកាតា ស្របពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាឆាបឆេះរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អង់គ្លេសកំពុងបញ្ជូនយន្តហោះចម្បាំង Typhoon ចំនួន ៤គ្រឿងថែមទៀតទៅចូលរួមជាមួយកងអនុសេនាធំនៅក្នុងប្រទេសកាតា ដើម្បីពង្រឹងប្រតិបត្តិការការពាររបស់យើងនៅទីនោះ និងក្នុងតំបន់ ។
លោកថា ចក្រភពអង់គ្លេសមានផែនការត្រឹមត្រូវសម្រាប់ការពារជាតិ និងបានដាក់ពង្រាយឧបករណ៍យោធារួចហើយនៅទូទាំងតំបន់ មុនពេលសង្គ្រាមមជ្ឈិមបូព៌ាចាប់ផ្តើម ។
មេដឹកនាំអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា ការផ្តោតអារម្មណ៍របស់លោក គឺរក្សាភាពស្ងប់ស្ងាត់ និងភាពជាអ្នកដឹកនាំសម្រាប់ផលប្រយោជន៍ជាតិ ។ មានន័យថា ការដាក់ពង្រាយកម្លាំងយោធា និងការទូតរបស់យើង គឺដើម្បីការពារប្រជាជនរបស់យើងប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អង់គ្លេស បារាំង អ៊ីតាលី និងក្រិក ក៏បានប្រកាសពីការដាក់ពង្រាយសាច់ដុំយោធានៅតាមដែនសមុទ្រ និងផ្លូវអាកាសទៅកាន់ប្រទេសស៊ីប ដែលជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីមូលដ្ឋានទ័ពអាកាស Akrotiri របស់អង់គ្លេសនៅទីនោះ រងការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ នៅថ្ងៃទី២ ខែមីនា ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
