បរទេស ៖ សហរដ្ឋអាមេរិកបានប្រកាសប្តូរចិត្តឲ្យប្រទេសឥណ្ឌាទិញប្រេងពីប្រទេសរុស្ស៊ីវិញក្នុងរយៈពេល ៣០ ថ្ងៃ ខណៈដែលអ៊ីរ៉ង់គំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងជាសកល អំឡុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

បរទេស ៖ សហរដ្ឋអាមេរិកបានប្រកាសប្តូរចិត្តឲ្យប្រទេសឥណ្ឌាទិញប្រេងពីប្រទេសរុស្ស៊ីវិញក្នុងរយៈពេល ៣០ ថ្ងៃ ខណៈដែលអ៊ីរ៉ង់គំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងជាសកល អំឡុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកថែមទាំងបានបង្ខំឲ្យបណ្តាប្រទេសផ្សេងៗ រួមទាំង ឥណ្ឌា ឈប់ទិញពីរុស្ស៊ី ។
លោក Scott Bessent រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនិយាយថា ចំណាត់ការនេះ នឹងជួយរក្សាលំហូរថាមពលជាសកល ព្រោះការគំរាមកំហែងវាយប្រហារ នៅក្បែរច្រកសមុទ្រ Hormuz ធ្វើឲ្យអាក់ខានការផ្គត់ផ្គង់សំខាន់ៗ ។
លោកថា ការលើកលែងនេះ មានគោលបំណងកាត់បន្ថយសម្ពាធ បង្កឡើងដោយការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងការចាប់យកថាមពលសកល ធ្វើជាចំណាប់ខ្មាំង ។ យ៉ាងណា វិធានការបណ្តោះអាសន្ននេះ នឹងមិនផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុខ្លាំងក្លា ដល់រុស្ស៊ី នោះទេ ។
បើតាម BBC, ប្រេង និងឧស្ម័នរាប់លានបារ៉ែល ត្រូវបានជាប់គាំង នៅជិតច្រកសមុទ្រ Hormuz ដែលជាចំណុចច្រកឈូងសមុទ្រតូចចង្អៀត ដោយក្នុងនោះ គ្រប់ដណ្តប់ការឆ្លងកាត់ ជិតពាក់កណ្តាល នៃការនាំចូលប្រេងឆៅ និងឧស្ម័ន របស់ប្រទេសឥណ្ឌា ។
ទីក្រុង តេហេរ៉ង់ បានគំរាមវាយប្រហារលើនាវា ដែលប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត
