វ៉ាស៊ីនតោន ៖ លោក Trump បានអះអាងថា ដើម្បីបញ្ចប់សង្គ្រាមបាន លុះត្រាតែ អ៊ីរ៉ង់ ប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយលោកសន្យាស្តារសេដ្ឋកិច្ច របស់ប្រទេសនេះ ឡើងវិញ ផងដែរ បើអនុវត្តតាម។

វ៉ាស៊ីនតោន ៖ លោក Trump បានអះអាងថា ដើម្បីបញ្ចប់សង្គ្រាមបាន លុះត្រាតែ អ៊ីរ៉ង់ ប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយលោកសន្យាស្តារសេដ្ឋកិច្ច របស់ប្រទេសនេះ ឡើងវិញ ផងដែរ បើអនុវត្តតាម។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបរាប់ តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ ថា «នឹងមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ លើកលែងតែការចុះចាញ់ ដោយគ្មានលក្ខខណ្ឌ» ។
ប្រសិនបើ អ៊ីរង់ ព្រមចុះចាញ់ លោក ត្រាំ សន្យាថា នឹងជួយកសាងសេដ្ឋកិច្ច របស់ប្រទេសនេះ ឡើងវិញ។ ក្នុងនោះ លោកបានបិទបញ្ចប់សំណេរ ជាមួយនឹងពាក្យស្លោកថ្មី «MAKE IRAN GREAT AGAIN (MIGA!)» នៅលើម៉ាកនយោបាយ Make America Great Again» របស់លោក។ ជាការកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ក៏បានទាមទារសិទ្ធិជ្រៀតជ្រែក ក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ ផងដែរ។
បើតាម CNA, ការទាមទាររបស់លោក Trump បែបនេះ ហាក់ដូចជាការពង្រីកដ៏ធំ នៃ គោលបំណងរបស់សហរដ្ឋអាមេរិកសម្រាប់សង្រ្គាមនេះ ដែលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បាននិយាយថា គឺផ្តោតលើតែ កម្មវិធីនុយក្លេអ៊ែរ, មីស៊ីល និង កងកម្លាំងជើងទឹក របស់ប្រទេសអ៊ីរ៉ង់។
គិតត្រឹមថ្ងៃសៅរ៍នេះ សង្គ្រាមដែលផ្តើមចេញពីការព្រួតដៃគ្នា រវាងអាមេរិក និង អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ បានអូសបន្លាយ ដល់រយៈពេល ១សប្តាហ៍ហើយ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
