តេហេរ៉ង់ ៖ លោក ម៉ាស៊ូដ ប៉េហ្សេស្គៀន ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ បានប្រកាសក្តែងៗថា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ជនជាតិអ៊ីរ៉ង់ នឹងមិនអនុញ្ញាតឱ្យ “សត្រូវ” អាចដណ្តើមយកទឹកដីរបស់ប្រទេសខ្លួន សូម្បីតែមួយចង្អាម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណៈរដ្ឋអ៊ីស្លាម ។
លោកប្រធានាធិបតី ប៉េហ្សេស្គៀន បានសង្កត់ធ្ងន់ថា បើទោះបីជាប្រទេសជាតិ បច្ចុប្បន្នកំពុងប្រឈមមុខនឹងអរិភាពដ៏ធំក៏ដោយ ក៏ប្រជាជនអ៊ីរ៉ង់ក្រោកឈររួមគ្នាប្រឆាំងជាមួយសត្រូវរបស់ពួកគេ ហើយប្តេជ្ញានឹងមិនអនុញ្ញាតឱ្យសត្រូវអាចរឹបអូសយកទឹកដីប្រទេសរបស់ខ្លួន សូម្បីតែមួយអ៊ីញបានជាដាច់ខាត ។
ជាមួយគ្នានេះ ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាំម៉ាដ បាហ្គឺរ ហ្គាលីបាហ្វ បានព្រមានតាមបណ្តាញសង្គម X នៅថ្ងៃអាទិត្យថា ការបន្តសង្គ្រាមអាចរំខានដល់ការផលិត និងការនាំចេញប្រេងនៅក្នុងតំបន់អាស៊ីខាងលិចយ៉ាងធ្ងន់ធ្ងរ ។
ហើយលោកក៏បានរិះគន់សម្តីរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលថា តម្លៃប្រេងនឹងមិនកើនឡើងខ្លាំងនោះទេ ប៉ុន្តែធាតុពិតនៃសង្គ្រាមនេះ នឹងប៉ះពាល់មិនត្រឹមតែផលប្រយោជន៍របស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលប្រយោជន៍របស់ប្រទេសដទៃទូទាំងពិភពលោកផងដែរ ។
គួរបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបង្កផលវិបាកក្នុងតំបន់កាន់តែទូលំទូលាយ ដែលបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការនាំចេញប្រេង និងទីផ្សារថាមពលសកល ។
បើតាមសារព័ត៌មាន Straits Times, តម្លៃប្រេងសកលបានកើនឡើងចំនួន ២០% ដល់កម្រិតកំពូល ១១០ដុល្លារក្នុងមួយបារ៉ែល» ខណៈដែលសង្គ្រាមអ៊ីរ៉ង់កាន់តែរីកធំឡើង បង្ខំឱ្យក្រុមហ៊ុនប្រេងយក្សនៅតាមបណ្តាប្រទេសឈូងសមុទ្រ កាត់បន្ថយទិន្នផល ៕
ប្រភព ៖ Xinhua និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា