វ៉ាស៊ីនតោន ៖ អាមេរិក អះអាងថា អ៊ីរ៉ង់បានទម្លាក់គ្រាប់បែក លើសាលារៀនរបស់ខ្លួន អំឡុងការវាយប្រហារ នៅទីក្រុង Minab។

វ៉ាស៊ីនតោន ៖ អាមេរិក អះអាងថា អ៊ីរ៉ង់បានទម្លាក់គ្រាប់បែក លើសាលារៀនរបស់ខ្លួន អំឡុងការវាយប្រហារ នៅទីក្រុង Minab។
លោក ប្រធានាធិបតី Donald Trump បានបដិសេធការទទួលខុសត្រូវ របស់អាមេរិក ចំពោះការវាយប្រហារ លើសាលារៀនអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សចំនួន ១៧៥នាក់ ភាគច្រើនជាកុមារ ដោយបានវាយបកវិញថា គឺជាកំហុសខុសឆ្គង របស់មីស៊ីលអ៊ីរ៉ង់។
នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ថាតើសហរដ្ឋអាមេរិក ទទួលខុសត្រូវចំពោះការវាយប្រហារ លើសាលារៀន ដែរឬទេ? លោក Trump បាននិយាយថា «តាមគំនិតរបស់ខ្ញុំ ផ្អែកលើអ្វី ដែលខ្ញុំបានឃើញ ទង្វើនោះ ត្រូវបានធ្វើឡើង ដោយអ៊ីរ៉ង់»។
បន្ទាប់មក អ្នកសារព័ត៌មានម្នាក់ បានសួររដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth ថា «តើពិតទេ…ដែលថា អ៊ីរ៉ង់ធ្វើដូច្នេះ? លោក Hegseth បាននិយាយថា «យើងកំពុងស៊ើបអង្កេតរឿងនេះ» ប៉ុន្តែ លោកបន្ថែមថា ភាគីតែមួយគត់ ដែលកំណត់គោលដៅលើជនស៊ីវិល នោះគឺ អ៊ីរ៉ង់»។
លោក Trump បានឆ្លើយឆ្លង បន្ថែម ដោយនិយាយថា «យើងគិតថា វាត្រូវបានធ្វើឡើងដោយប្រទេសអ៊ីរ៉ង់ ព្រោះពួកគេមានភាពខុសឆ្គងខ្លាំងណាស់ ដូចដែលអ្នកបានដឹង ជាមួយនឹងគ្រាប់បែករបស់ពួកគេ។ ពួកគេមិនមានភាពសុក្រឹតអ្វីឡើយ»។
បើតាម RT, ការលើកឡើង របស់លោក Trump ផ្ទុយនឹងការស៊ើបអង្កេតដោយ AP, CNN, New York Times និង Washington Post ផ្អែកលើរូបភាពផ្កាយរណប និង ភស្តុតាង ដែលមើលឃើញថា សហរដ្ឋអាមេរិក ទំនងជាបានបំផ្លាញសាលាបឋមសិក្សារបស់ក្មេងស្រី នៅក្នុងទីក្រុង Minab ភាគខាងត្បូង នៃប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទៅលើទីតាំងកងឆ្មាំបដិវត្តន៍អ៊ីស្លាម នៅក្បែរនោះ។
អង្គការសហប្រជាជាតិ បានថ្កោលទោស ការវាយប្រហារនេះ ដោយចាត់ទុកថា ជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើកុមារ លើការអប់រំ និង អនាគតនៃសហគមន៍ទាំងមូល៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
