ឡុងដ៍ ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យ បានសន្ទនាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងភ្លើងសង្គ្រាមអ៊ីរ៉ង់ ដែលកំពុងឆាបឆេះពាសពេញតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ ។

ឡុងដ៍ ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យ បានសន្ទនាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងភ្លើងសង្គ្រាមអ៊ីរ៉ង់ ដែលកំពុងឆាបឆេះពាសពេញតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ ។
បើតាមការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស, លោក Starmer និងលោក Trump បានពិភាក្សាគ្នាអំពីស្ថានភាពវិវត្តន៍ចុងក្រោយនៃសង្គ្រាមមជ្ឈិមបូព៌ា និងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ តាមរយៈការប្រើប្រាស់មូលដ្ឋានទ័ពអាកាសអង់គ្លេស ដើម្បីគាំទ្រដល់ការការពារខ្លួនរួមគ្នារបស់ដៃគូក្នុងតំបន់ ។
ការសន្ទនាតាមទូរស័ព្ទនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គមថា រូបលោកនឹងចងចាំពីកង្វះការគាំទ្រពីអង់គ្លេស ក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ីរ៉ង់ ។
លោកថា លោក Starmer បានជួយបំផ្លាញទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងឡុងដ្រ៍បានរារាំងមិនឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ដើម្បីវាយប្រហារអ៊ីរ៉ង់ ។
ឆ្លើយតបការរិះគន់របស់លោក Trump, លោកនាយករដ្ឋមន្រ្តី Starmer បានថ្លែងការពារការសម្រេចចិត្តបែបនេះថា រូបលោកចាំបាច់ត្រូវតែគាំទ្រ ចំពោះសកម្មភាពយោធាណាមួយ ដែលត្រូវតែស្របច្បាប់ និងមានផែនការល្អ ។
ទោះបីជាយ៉ាងណា លោក Starmer បានផ្តល់ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់អ្វីដែលលោកចាត់ទុកថា ការវាយប្រហារមានដែនកំណត់ និងសម្រាប់ការការពារខ្លួន ដើម្បីធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
