ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃសៅរ៍ បានថ្លែងគំរាមតាមកញ្ចក់ទូរទស្សន៍ថា អ៊ីស្រាអែលនឹងប្រើប្រាស់កម្លាំងយោធាទាំងអស់ មិនថា ជើងគោក ជើងទឹក និងអាកាស ដើម្បីវាយកម្ទេចអ៊ីរ៉ង់ ហើយការវាយប្រហារនេះ មានសន្ទុះខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក ។
លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលមានផែនការដែលបានរៀបចំយ៉ាងល្អ ជាមួយនឹងការភ្ញាក់ផ្អើលជាច្រើន ដើម្បីបំផ្លាញប្រទេសអ៊ីរ៉ង់ និងអាចឈានដល់ការផ្លាស់ប្តូររបបដឹកនាំ ។
ថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ មេដឹកនាំអ៊ីស្រាអែលរូបនេះបានសង្កត់ធ្ងន់ថា ពេលវេលាផ្លាស់ប្តូររបបអ៊ីរ៉ង់ខិតជិតមកដល់ហើយ អ៊ីស្រាអែលមិនស្វែងរកការបំបែកបំបាក់អ៊ីរ៉ង់ទេ ប៉ុន្តែគឺដើម្បីរំដោះប្រជាជនអ៊ីរ៉ង់ពីរបបផ្តាច់ការ និងរស់នៅដោយសន្តិភាព ។
ជាមួយគ្នានេះ លោក ណេតាន់យ៉ាហ៊ូ ដែលមានវ័យ៧៧ឆ្នាំរូបនេះ ក៏បានទាមទារឱ្យរដ្ឋាភិបាលលីបង់ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងដកហូតអាវុធចេញពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធហេសបូឡា ។
លោកព្រមានទុកមុនថា បើសិនលីបង់មិនធ្វើបែបនេះទេ ការឈ្លានពានរបស់ក្រុមហេសបូឡា នឹងនាំគ្រោះមហន្តរាយសម្រាប់ប្រទេសលីបង់ទាំងមូល ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា