ហាណូយ ៖ វៀតណាម ពិចារណាលែងយកពន្ធលើប្រេងឥន្ធនៈនាំចូល ដើម្បីធានាឲ្យមានប្រើប្រាស់គ្រប់គ្រាន់ នៅក្នុងប្រទេស ចំពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ា រំខានដល់ការផ្គត់ផ្គង់ប្រេង និង ជំរុញឱ្យតម្លៃ ឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២ ។

ហាណូយ ៖ វៀតណាម ពិចារណាលែងយកពន្ធលើប្រេងឥន្ធនៈនាំចូល ដើម្បីធានាឲ្យមានប្រើប្រាស់គ្រប់គ្រាន់ នៅក្នុងប្រទេស ចំពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ា រំខានដល់ការផ្គត់ផ្គង់ប្រេង និង ជំរុញឱ្យតម្លៃ ឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២ ។
ក្រសួងហិរញ្ញវត្ថុវៀតណាមប្រកាស នៅថ្ងៃចន្ទនេះថា ក្រសួងបានធ្វើសេចក្ដីព្រាងច្បាប់មួយស្ដីពីកាត់បន្ថយអត្រាពន្ធនាំចូលមកដល់សូន្យភាគរយ លើផលិតផលប្រេងឥន្ធនៈមួយចំនួន ដើម្បីជួយធ្វើឱ្យទីផ្សារក្នុងស្រុក មានស្ថិរភាព និង ធានាសន្តិសុខថាមពលជាតិ។
ក្រសួងហិរញ្ញវត្ថុវៀតណាមបញ្ជាក់ថា ប្រសិនបើជម្លោះនៅតែបន្ត ហើយការបិទច្រកសមុទ្រ Hormuz នៅតែកើតមានឡើង នោះការផ្គត់ផ្គង់ នៅលើទីផ្សារអន្តរជាតិ នឹងកាន់តែខ្វះខាត ហើយ ហានិភ័យ ជំរុញឱ្យតម្លៃប្រេង កើនឡើង កាន់តែខ្ពស់។
ក្នុងករណីសំណើរបស់ក្រសួងហិរញ្ញវត្ថុ ត្រូវបានអនុម័ត ក្រឹត្យពន្ធគយថ្មីនេះ នឹងមានប្រសិទ្ធភាព រហូតដល់ចុងខែមេសា ។
បើតាម CNA, វិបត្តិនៅមជ្ឈិមបូព៌ា បានបណ្ដាលឲ្យតម្លៃប្រេងឆៅ ហក់ឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុត ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ វៀតណាម បានរាយការណ៍ថា តម្លៃប្រេងសាំង កម្រិតប្រើប្រាស់យ៉ាងទូលំទូលាយបំផុត បានកើនឡើង ២១ ភាគរយ ពោល គឺ កើនដល់ ១.០៣ ដុល្លារក្នុងមួយលីត្រ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ។
ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ជាងមួយសប្តាហ៍ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសវៀតណាម បានកើនឡើងយ៉ាងខ្លាំង ហើយ រដ្ឋាភិបាលបានអនុវត្ត ការកំណត់តម្លៃប្រេងជាបន្ទាន់ ដើម្បីធ្វើអន្តរាគមន៍៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
