ប៉េកាំង ៖ ប្រទេសចិនប្រកាសនឹងចាត់បញ្ជូនបេសកជនពិសេសទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ដោយប្តេជ្ញាថា នឹងជួយបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាស្តារសន្តិភាពនៅតំបន់ដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះឡើងវិញ ។

ប៉េកាំង ៖ ប្រទេសចិនប្រកាសនឹងចាត់បញ្ជូនបេសកជនពិសេសទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ដោយប្តេជ្ញាថា នឹងជួយបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាស្តារសន្តិភាពនៅតំបន់ដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះឡើងវិញ ។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃចន្ទនេះ, លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអាមេរិកនិយាយថា មន្ត្រីដែលទីក្រុងប៉េកាំងនឹងចាត់បញ្ជូនទៅតំបន់មជ្ឈិមបូព៌ា គឺ លោក Zhai Jun ជាបេសកជនពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកបញ្ហានៅតំបន់មជ្ឈិមបូព៌ា ។
លោកថា ភាគីចិននឹងបន្តធ្វើការជាមួយគ្រប់ភាគី រួមទាំង ភាគីជម្លោះ ដើម្បីរក្សាការប្រាស្រ័យទាក់ទង ចូលរួម ជាមួយភាគីផ្សេងទៀត ដើម្បីបង្កើតបានការឯកភាពគ្នា ។
បើតាម លោក Liu Pengyu, ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ប្រទេសចិនបានទាក់ទងទៅភាគីផ្សេងៗ ប្រកបដោយការយកចិត្តទុកដាក់ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានហៅទូរស័ព្ទ ទៅសមភាគីរុស្ស៊ី អ៊ីរ៉ង់ អូម៉ង់ បារាំង អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមផងដែរ ដើម្បីផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ អំពីស្ថានភាពក្នុងតំបន់ ហើយបានធ្វើការយ៉ាងសកម្ម ដើម្បីលើកកម្ពស់សន្តិភាព និងបញ្ឈប់ជម្លោះ ។
អំឡុងកិច្ចសន្ទនា ជាមួយលោក Abdullah bin Zayed Al Nahyan រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម, ប្រមុខការទូតចិន លោក Wang Yi បញ្ជាក់ថា ទីក្រុងប៉េកាំង មានបំណងសម្របសម្រួល ដល់ការស្ដារសន្តិភាព នៅក្នុងតំបន់នេះ ឡើងវិញ ។
បើតាម TASS, ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ថ្មីៗនេះ ក៏បានកោះប្រជុំបន្ទាន់មួយ ដោយមានការគាំទ្រ ពីប្រទេសចិន និងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ផងដែរ ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
