តូក្យូ ៖ ប្រទេសជប៉ុន ត្រៀមខ្លួនដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិតក្នុងស្រុកកញ្ចប់ដំបូង រួមជាមួយនឹងឧបករណ៍បាញ់របស់ពួកវា ដែលទើបដឹកជញ្ជូនមកដល់មូលដ្ឋានកងទ័ពមួយកន្លែង ក្នុងថ្ងៃចន្ទនេះ ស្របពេលដែលទីក្រុងតូក្យូ កំពុងបង្កើនល្បឿនសមត្ថភាពវាយលុក ឆ្លើយតបបញ្ហាប្រឈមដែលកំពុងកើនឡើងក្នុងតំបន់ ។
បើតាម Associate Press, ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជប៉ុនគ្រោងដាក់ពង្រាយនេះ មានឈ្មោះថា មីស៊ីល Type-12 ផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries ។ Type-12 គឺជាប្រភេទមីស៊ីលបាញ់ចេញពីដីគោក ដើម្បីវាយប្រហារនាវាចម្បាំងគ្រប់ប្រភេទ ។
ដំបូងឡើយ វាអាចហោះក្នុងចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ប៉ុន្តែក្រោយធ្វើទំនើបកម្មរួច ឥឡូវនេះវាអាចហោះក្នុងចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ ពោលគឺអាចបាញ់ដល់ប្រទេសចិនដីគោក ។
ប្រសិនបើដំណើរការរលូន ជប៉ុនគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល Type-12 នៅមូលដ្ឋានទ័ព Camp Fuji ក្នុងទីក្រុង Shizuoka ភាគខាងលិចរដ្ឋធានីតូក្យូ នៅចុងឆ្នាំ ២០២៦នេះតែម្តង ។
ជប៉ុនបានចាត់ទុកចិនថា ជាការគំរាមកំហែងសន្តិសុខកាន់តែខ្លាំងឡើង ហើយបានជំរុញការកសាងយោធានៅលើកោះភាគនិរតីជិតសមុទ្រចិនខាងកើត ដោយទីក្រុងតូក្យបានដាក់ពង្រាយមីស៊ីលការពារដែនអាកាស PAC-3 និងមីស៊ីលបាញ់ពីលើអាកាសរយៈចម្ងាយមធ្យមនៅលើកោះជាច្រើន រួមទាំងកោះ Okinawa, Ishigaki និង Miyako ។
ការពង្រឹងសមត្ថភាពយោធារបស់ជប៉ុន ធ្វើឡើងស្របពេលដែលទំនាក់ទំនងជប៉ុន និងចិន ដែលជាប្រទេសមហាអំណាចនៅអាស៊ី និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតក្នុងតំបន់ ជួបភាពល្អក់កករសាជាថ្មីទៀតក្នុងខែវិច្ឆិកាឆ្នាំមុន ។
ភាពតានតឹងនេះ ផ្តើមចេញពីសន្ទរកថារបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ដែលបាននិយាយថា ការប្រើប្រាស់កម្លាំងយោធាណាមួយរបស់ចិន ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ អាចនឹងតម្រូវឱ្យជប៉ុនត្រូវធ្វើអន្តរាគមន៍យោធា ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចោទប្រកាន់ថា លោកស្រី Takaichi កំពុងលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា