អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក រីសេប តាយយីប អឺដូហ្កាន់ បាននិយាយកាលពីថ្ងៃ ចន្ទ ថា រូបលោកសន្យានឹងរក្សាប្រទេសតួកគី ឱ្យស្ថិតនៅក្រៅសង្វៀនសង្គ្រាមក្នុងតំបន់ ដោយលោកព្រមានថា ជំហានបង្កហេតុនេះ អាចធ្វើឱ្យទំនាក់ទំនងតួកគីជាមួយអ៊ីរ៉ង់កាន់តែតានតឹង ។

បើតាមស៊ីនហួរ, ការព្រមានរបស់លោកប្រធានាធិបតី អឺដូហ្កាន់ ធ្វើឡើងបន្ទាប់ពីមីស៊ីលមួយគ្រាប់ទៀត ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់ ត្រូវបានស្ទាក់ចាប់ពីលើខេត្ត Gaziantep ភាគអាគ្នេយ៍របស់ប្រទេសតួកគី កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ។
គ្រាប់មីស៊ីលផ្លោងដែលហោះចូលដែនអាកាសតួកគីជាលើកទី២នេះ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូ ដែលដាក់ពង្រាយនៅតំបន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ។ ប៉ុន្តែជាសំណាងល្អ មិនមានអ្នកស្លាប់ ឬរបួសទេ ។
ឆ្លើយតបបញ្ហានេះ លោកប្រធានាធិបតី អឺដូហ្កាន់ បានបញ្ជាក់ច្បាស់ៗថា
រូបលោកសូមរំលឹកម្តងទៀតថា ឧប្បត្តិហេតុនៅថ្ងៃនេះ មិនគួរបន្តធ្វើខុសទៀតនោះទេ ។
លោកថា ការបន្តសកម្មភាពអរិភាពបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចំណងមិត្តភាពប្រទេសបងប្អូនរាប់ពាន់ឆ្នាំ ហើយមានតែបន្សល់ទុកនូវស្នាមរបួសយ៉ាងជ្រៅនៅក្នុងចិត្តគំនិតរបស់ប្រជាជាតិទាំងពីរប៉ុណ្ណោះ ។
បើតាម អាណាឌូលី អឹជេនស៊ី, ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្កៀន បានឆ្លើយតបទៅកាន់មេដឹកនាំតួកគីវិញ ដោយបានបដិសេធថា មីស៊ីលដែលហោះចូលដែនអាកាសតួកគីនោះ មិនមែនជារបស់អ៊ីរ៉ង់ឡើយ ប៉ុន្តែលោកក៏បានសន្យាដែរថា នឹងធ្វើការស៊ើបអង្កេតឲ្យបានដិតដល់បំផុតចំពោះរឿងនេះ ៕

ប្រភព ៖ ស៊ីនហួរ និង អាណាឌូលី អឹជេនស៊ី ប្រែសម្រួល ៖ ឈឹម ទីណា