ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ី កំពុងឈានទៅរកការចុះកិច្ចព្រមព្រៀងក្នុងតម្លៃពី ២០០ ទៅ ៣៥០លានដុល្លារ ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីល BrahMos របស់ប្រទេសឥណ្ឌា ។ នេះបើតាម CNA ចេញផ្សាយថ្ងៃទី១០ ខែមីនា ។

ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ី កំពុងឈានទៅរកការចុះកិច្ចព្រមព្រៀងក្នុងតម្លៃពី ២០០ ទៅ ៣៥០លានដុល្លារ ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីល BrahMos របស់ប្រទេសឥណ្ឌា ។ នេះបើតាម CNA ចេញផ្សាយថ្ងៃទី១០ ខែមីនា ។
ផ្អែកតាមអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirait , ការបញ្ជាទិញនេះ គឺជាជំហានយុទ្ធសាស្ត្រមួយ ធ្វើឡើងមានគោលបំណងធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍ និងពង្រឹងសមត្ថភាពការពារជាតិរបស់ឥណ្ឌូណេស៊ី ជាពិសេសនៅក្នុងវិស័យដែនសមុទ្រ ។
លោកថា តាមរយៈកិច្ចព្រមព្រៀងទិញមីស៊ីល BrahMos នេះ នឹងជួយពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ី និងឥណ្ឌា ក្នុងវិស័យការពារជាតិ ។
BrahMos គឺជាប្រភេទមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយ ដែលមានល្បឿនលឿនជាងសំឡេងជិត ៣ដង ផលិតឡើងដោយក្រុមហ៊ុន BrahMos Aerospace ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ។
ចំណុចពិសេស គឺវាអាចហោះក្នុងចម្ងាយពី ៨០០ទៅ៩០០គីឡូម៉ែត្រ និងមានសមត្ថភាពវាយប្រហារចំគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រ ហើយអាចពាំក្បាលគ្រាប់មានទម្ងន់ពី ២០០ទៅ៣០០គីឡូក្រាម ។
មីស៊ីល BrahMos ទទួលបានការទិញពីបរទេសលើកដំបូងដោយប្រទេសហ្វីលីពីន ដែលជាប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ឥណ្ឌូណេស៊ី នៅឆ្នាំ ២០២២ ។ ប្រព័ន្ធមីស៊ីលដ៏មានឥទ្ធិពលរបស់ឥណ្ឌានេះ អាចប្រើប្រាស់សម្រាប់ការបាញ់ចេញពីដីគោក ផ្លូវអាកាស តាមនាវា និងនាវាមុជទឹក ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

