វ៉ាស៊ីនតោន ៖ ចាយពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ សហរដ្ឋអាមេរិក បានចំណាយលុយដល់ទៅ ១១ ពាន់ ៣០០ លានដុល្លារ ក្នុងការធ្វើសង្គ្រាមវាយបំបាក់អំណាចយោធារបស់អ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា ខណៈមន្រ្តីព្រមានថា ការចំណាយសរុប នឹងកើនឡើងថែមទៀត ប្រសិនបើភ្លើងជម្លោះនៅតែបន្តឆាបឆេះគ្មានទីបញ្ចប់ ។
បើតាម India Express, ក្នុងរយៈពេល ២ ថ្ងៃដំបូងនៃសង្គ្រាមមួយនេះ អាមេរិកប្រើប្រាស់សព្វាវុធអស់តម្លៃ ៥ ពាន់ ៦០០ លានដុល្លារ ។
ចំណែករយៈពេល ១០០ ម៉ោងដំបូងនៃប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ អាមេរិកបានចំណាយលុយដល់ទៅ ៣ ពាន់ ៧០០ លានដុល្លារ ពោលគឺជាង ៨៩០ លានដុល្លារក្នុងមួយថ្ងៃ ។ នេះបើតាមកាសែត New York Times ។
ដើម្បីអាចបន្តសង្គ្រាមអ៊ីរ៉ង់តទៅមុខទៀត សេតវិមានមានផែនការដាក់សំណើទៅកាន់សភាអាមេរិកឆាប់ៗនេះ ដើម្បីស្នើសុំកញ្ចប់ថវិកាបន្ថែម ដោយក្រុមមន្ត្រីអាមេរិកមួយចំនួន បានអះអាងថា សេតវិមានអាចនឹងស្នើសុំកញ្ចប់ថវិការហូតដល់ ៥០ ពាន់លានដុល្លារ ។
បើតាម NBC News, ភ្លើងសង្គ្រាម ដែលឈានចូលដល់សប្ដាហ៍ទី ២ បានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាធ្វើឱ្យទីផ្សារថាមពលសកល និងការដឹកជញ្ជូនប្រេងធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរ ។
យោងតាមសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានឱ្យដឹងថា ការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សច្រើនជាង ១,២០០ នាក់នៅអ៊ីរ៉ង់ ខណៈដែល ៥៧០ នាក់ទៀតបានបាត់បង់ជីវិតនៅលីបង់ ។
រីឯការសងសឹករបស់អ៊ីរ៉ង់វិញ ក៏បានសម្លាប់មនុស្សចំនួន ១៣ នាក់នៅអ៊ីស្រាអែល និង ៦ នាក់ទៀតបានស្លាប់នៅអារ៉ាប់រួម ។ ក្នុងនោះសមាជិកយោធាអាមេរិកចំនួន ៧ នាក់ក៏បានពលីផងដែរ ខណៈ ១៤០នាក់ទៀតបានរងរបួសក្នុងសង្គ្រាមមួយនេះ ៕
ប្រភព ៖ India Express និង NBC News ប្រែសម្រួល ៖ ឈឹម ទីណា