ប៊ែរឡាំង ៖ អាល្លឺម៉ង់បានវ៉ាដាច់ចិន ក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទី ៤ របស់ពិភពលោក បើគិតពីបរិមាណនាំចេញសរុបក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។

ប៊ែរឡាំង ៖ អាល្លឺម៉ង់បានវ៉ាដាច់ចិន ក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទី ៤ របស់ពិភពលោក បើគិតពីបរិមាណនាំចេញសរុបក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។
បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ថា (SIPRI), ប្រទេសនាំចេញអាវុធធំជាងគេបំផុតទាំង ៥ របស់ពិភពលោក ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទី១ គឺសហរដ្ឋអាមេរិក ខណៈប្រទេសដែលតាមពីក្រោយអាមេរិក គឺបារាំង រុស្ស៊ី អាល្លឺម៉ង់ និងចិន ។
ប្រទេសនាំចេញអាវុធខ្នាតយក្សទាំង ៥ នេះ រួមបញ្ចូលគ្នាមានចំណែកប្រហែល ៧០% នៃការនាំចេញអាវុធទូទាំងពិភពលោក ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ ។
បើតាម Defence Blog, មូលហេតុដែលអាល្លឺម៉ង់ដណ្តើមតំណែងពីចិនបាន ក៏ព្រោះតែការផ្លាស់ប្តូរតម្រូវការសព្វាវុធ បន្ទាប់ពីកើតមានជម្លោះថ្មីៗ និងនិន្នាការផ្គត់ផ្គង់អាវុធសកលដែលកំពុងវិវត្ត ។
ម្យ៉ាងវិញទៀត ការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុបកើនឡើង គួបផ្សំនឹងជំនួយយោធាដល់អ៊ុយក្រែន និងការធ្លាក់ចុះការនាំចេញអាវុធរបស់រុស្ស៊ី គឺជាហេតុផលនៅពីក្រោយការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារអាវុធអន្តរជាតិ ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ ។
យោងតាមទិន្នន័យរបស់វិទ្យាស្ថាន SIPRI, សហរដ្ឋអាមេរិកនៅតែជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំចេញអាវុធនៅលើទីផ្សារសកល ដោយរ៉ាប់រងដល់ទៅ ៤២% នៃការនាំចេញអាវុធសរុបរបស់ពិភពលោក ខណៈដែលការដឹកជញ្ជូនក៏បានកើនឡើង ២៧% ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពី ៥ឆ្នាំមុន ។
ឈរលើការវាយតម្លៃរបស់វិទ្យាស្ថាន SIPRI, គ្រឿងសព្វាវុធយោធាកំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារ ក្នុងនោះរួមានយន្តហោះចម្បាំង កាំភ្លើងធំ រថក្រោះចម្បាំង គ្រាប់មីស៊ីល នាវាចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសជាដើម ។
បើតាម DW, ក្រោយដាំក្បាលចុះប្រហែល១ភាគ៣ បន្ទាប់ពីការដួលរលំនៃលទ្ធិកុម្មុយនិស្ត និងចុងបញ្ចប់នៃសង្គ្រាមត្រជាក់នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ ១៩៩០ ការជួញដូរអាវុធឥឡូវនេះ បានស្ទុះងើបឡើងវិញយ៉ាងគំហុក ចាប់តាំងពីឆ្នាំ ១៩៨៩ ។
ផ្អែកតាមរបាយការណ៍ថ្មីពីវិទ្យាស្ថាន SIPRI បានបង្ហាញថា ក្នុងពេល ៥ឆ្នាំចុងក្រោយនេះ ការដឹកជញ្ជូនអាវុធទូទាំងពិភពលោក បានកើនឡើងជិត ១០% បើធៀបនឹងរយៈពេល ៥ឆ្នាំមុន ៕
ប្រភព ៖ Defence Blog និង DW ប្រែសម្រួល ៖ ឈឹម ទីណា




