វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយអះអាងពីការឈ្នះសង្គ្រាម លើប្រទេសអ៊ីរ៉ង់។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយអះអាងពីការឈ្នះសង្គ្រាម លើប្រទេសអ៊ីរ៉ង់។
ពេលកំពុងចូលរួមក្នុងព្រឹត្តិការណ៍ «ខែប្រវត្តិសាស្ត្រស្ត្រី» ជាមួយភរិយា លោកស្រី Melania Trump, មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានលើកឡើង ពីវឌ្ឍនភាពសង្គ្រាម ដំណើរការលឿន នាប៉ុន្មានថ្ងៃនេះ ដោយបានអះអាងថា «យើងបានឈ្នះ ប្រឆាំងនឹងអ៊ីរ៉ង់ ហើយ វាអាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗនេះ» ប៉ុន្តែ លោក ក៏ទទូចផងដែរ អំពីតម្រូវការ ក្នុងការប្រយុទ្ធ។
លោក បញ្ជាក់ បន្ថែមថា «ពួកគេពិតជាប្រទេសនៃភេរវកម្ម និង គួរឲ្យស្អប់ ហើយពួកគេកំពុងចំណាយប្រាក់ដ៏ធំមួយ នៅពេលនេះ» ។
យ៉ាងណា លោកមិនបានឆ្លើយតប ដោយផ្ទាល់ទៅនឹងការអត្ថាធិប្បាយ របស់មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ លោក Mojtaba Khamenei នៅក្នុងសារដំបូងរបស់លោក ចាប់តាំងពីការឡើងកាន់តំណែង នោះឡើយ។ កូនប្រុស របស់លោក Ali Khamenei រូបនេះ បានប្តេជ្ញាសងសឹក ដោយនិយាយថា អ៊ីរ៉ង់ត្រូវតែរក្សាការរារាំង នៅលើច្រកសមុទ្រ Hormuz។
បើទោះបីជា តម្លៃប្រេងសកលបានកើនឡើង ព្រោះការគំរាម ផ្លូវទឹកយុទ្ធសាស្ត្រ ក៏ដោយ លោក Trump បាននិយាយ នៅលើបណ្តាញសង្គម កាលពីថ្ងៃព្រហស្បតិ៍ថា «ការបញ្ឈប់ អាណាចក្រអាក្រក់ របស់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ គឺជារឿងសំខាន់ជាង»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
