តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ ប្រហែលជាបានបាត់បង់ប្រព័ន្ធបាញ់មីស៊ីលច្រើនជាង ៩០% ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី១៣ ហើយ ។

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ ប្រហែលជាបានបាត់បង់ប្រព័ន្ធបាញ់មីស៊ីលច្រើនជាង ៩០% ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី១៣ ហើយ ។
សារព័ត៌មាន Bloomberg បានដកស្រង់សម្តីពីមន្រ្តីអាមេរិក ចេញផ្សាយកាលពីថ្ងៃ ពុធ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានប្រើប្រាស់បទពិសោធន៍ធ្លាប់វាយប្រហារអ៊ីរ៉ង់កាលពីឆ្នាំមុន ដើម្បីធ្វើជាយុទ្ធសាស្ត្របំផ្លាញប្រព័ន្ធបាញ់មីស៊ីល និងទីបញ្ជាការយោធា ដែលធ្វើឲ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួន ។
យោងតាមមន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក, ចំនួននៃការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ បានធ្លាក់ចុះដល់ទៅ ៩០% និងយន្តហោះដ្រូន ៨៣% ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ។
កាលពីសប្តាហ៍មុន ទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍ ១២៤ ក៏បានរាយការណ៍ដែរថា អ៊ីរ៉ង់បានបាត់បង់ប្រព័ន្ធបាញ់មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនចំនួន ៦០% អំឡុងការប្រយុទ្ធគ្នាជាមួយអាមេរិក និងអ៊ីស្រាអែល ។
ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានឆាបឆេះឡើងផ្តើមចេញពីប្រតិបត្តិការយោធារួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ ទីក្រុងសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេហេរ៉ង់ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។
សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីភាពត្រឹមត្រូវចំពោះការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងពីមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ៕



ប្រភព ៖ TASS ប្រែសម្រួល ៖ ឈឹម ទីណា
