សេអ៊ូល ៖ កូរ៉េខាងត្បូង កំពុងសំងំអភិវឌ្ឍបច្ចេកវិទ្យាផលិតមីស៊ីលមានល្បឿនលឿនជាងសំលេងលើស ៥ ដង ជាមួយនឹងសមត្ថភាពអាចហោះហើរក្នុងចម្ងាយប្រហែល ៦,១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

សេអ៊ូល ៖ កូរ៉េខាងត្បូង កំពុងសំងំអភិវឌ្ឍបច្ចេកវិទ្យាផលិតមីស៊ីលមានល្បឿនលឿនជាងសំលេងលើស ៥ ដង ជាមួយនឹងសមត្ថភាពអាចហោះហើរក្នុងចម្ងាយប្រហែល ៦,១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
បើតាម Interesting engineering, ជាមួយនឹងល្បឿនលឿនលើស ៥ ដង ឬប្រហែល ៦,១២០គីឡូម៉ែត្រក្នុងមួយម៉ោង មីស៊ីលដ៏កំណាចថ្មីនេះ អាចមានសមត្ថភាពវាយប្រហារគោលដៅស្ទើរតែទូទាំងពិភពលោកក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ។
បំពាក់ដោយបច្ចេកវិទ្យាល្បឿនលឿនដូចផ្លេកបន្ទោរ និងភាពបត់បែនកម្រិតខ្ពស់ មីស៊ីលនេះ នឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់បច្ចុប្បន្នពិបាកស្ទាក់ចាប់បំផុត ។
ផែនការអភិវឌ្ឍមីស៊ីលថ្មីនេះ បង្កើតឡើងដោយក្រុមហ៊ុន Hyundai Rotem ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hyundai Motor Group មានឯកទេសខាងផលិតសម្ភារៈការពារជាតិ និងផ្លូវដែក រួមសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិកូរ៉េខាងត្បូង ហៅកាត់ ADD ។
ដោយចាត់ទុកអាវុធប្រភេទនេះ ជាធាតុសំខាន់នៃសង្គ្រាមសម័យទំនើបនោះ ដៃគូទាំងពីរបានដាក់មហិច្ឆតាផលិតមីស៊ីលលឿនជាងសំលេងថ្មីនេះ ក្នុងលក្ខណៈទ្រង់ទ្រាយធំឱ្យបានមុនឆ្នាំ ២០៣៥ ខាងមុខ ។
គំនិតផ្ដួចផ្ដើមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ដើម្បីជំរុញវិស័យយោធារបស់ខ្លួន ដើម្បីតាមឱ្យទាន់ការប្រណាំងប្រជែងសព្វាវុធក្នុងតំបន់ ជាពិសេសគូសត្រូវក្បែរខាងរបស់ខ្លួន គឺកូរ៉េខាងជើង ដែលប្រឹងប្រែងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ។
ក្រៅពីកូរ៉េខាងត្បូង, សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ក៏បានដាក់ដំណើរការមីស៊ីលមានល្បឿនលឿនជាងសំលេងរួចទៅហើយផងដែរ ខណៈប្រទេសជាច្រើនទៀត រួមទាំងកូរ៉េខាងជើង ឥណ្ឌា និងបារាំង ក៏កំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពមីស៊ីលផ្ទាល់ខ្លួនផងដែរ ៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា
