វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា ប្រទេសរបស់លោក នឹងអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ដោយលោកបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃនៅសប្តាហ៍ក្រោយ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា ប្រទេសរបស់លោក នឹងអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ដោយលោកបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃនៅសប្តាហ៍ក្រោយ ។

នៅពេលត្រូវបានសាកសួរអំពីការជួយនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រដឹកជញ្ជូនដ៏សំខាន់ មេដឹកនាំអាមេរិករូបនេះ បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃ សុក្រ ថា យើងនឹងធ្វើវា ប្រសិនបើចាំបាច់ត្រូវធ្វើ ។ ប៉ុន្តែ អ្នកដឹងទេ យើងសង្ឃឹមថា អ្វីៗនឹងដំណើរការទៅយ៉ាងល្អប្រសើរ ហើយយើងនឹងឃើញថាតើអ្វីនឹងកើតឡើងឆាប់ៗនេះ ។
យ៉ាងណា លោក ត្រាំ មិនបានរៀបរាប់លំអិតថាតើនឹងមានរឿងអ្វីកើតឡើងទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយពិធីករលោក Brian Kilmeade របស់ Fox News ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា យើងនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃនៅសប្តាហ៍ក្រោយ ។
ការព្រមានរបស់លោក ត្រាំ ធ្វើឡើងនៅពេលដែលអាមេរិក និងប្រទេសដទៃទៀត កំពុងប្រឈមមុខនឹងតម្លៃប្រេង និងឧស្ម័នកើនឡើងខ្ពស់ ដោយសារសង្គ្រាមរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ខណៈដែលតម្លៃប្រេងនៅតែស្ថិតក្នុងរង្វង់ជិត ១០០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមថ្ងៃទី១៣ ខែមីនា ។
បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ។
បើសិនច្រកសមុទ្រដ៏សំខាន់នេះ ត្រូវបានបិទទាំងស្រុងមែន នោះតម្លៃប្រេង និងឧស្ម័នទូទាំងពិភពលោក នឹងស្ទុះឡើងដល់កម្រិតមិនធ្លាប់មានពីមុនមក ដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រប់ប្រទេសទាំងអស់ ៕
ប្រភព ៖ Straits Times និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

