តៃប៉ិ ៖ កោះតៃវ៉ាន់ បានរាយការណ៍កាលពីថ្ងៃ អាទិត្យ អំពីវត្តមានយន្តហោះយោធានៃកងទ័ពអាកាសចិន បានវិលត្រឡប់ជាថ្មីក្នុងទ្រង់ទ្រាយធំនៅជុំវិញកោះនេះ បន្ទាប់ពីអវត្តមានដែលមិនអាចពន្យល់បានអស់ជាងពីរសប្តាហ៍ ដែលបង្កឱ្យមានមន្ទិលសង្ស័យក្នុងទីក្រុងតៃប៉ិ អំពីចេតនាពិតប្រាកដរបស់ទីក្រុងប៉េកាំង ។
បើតាមក្រសួងការពារជាតិតៃវ៉ាន់, ខ្លួនបានប្រទះឃើញវត្តមានយន្តហោះយោធាចិនចំនួន ២៦គ្រឿង ដែលប្រមូលផ្តុំគ្នានៅច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។
យោងតាម CNA, តៃវ៉ាន់បានរាយការណ៍ចុងក្រោយបំផុត អំពីយន្តហោះយោធាចិនជាច្រើនគ្រឿងនៅថ្ងៃទី២៥ ខែកុម្ភៈ នៅពេលដែលកោះនេះ បានប្រទះឃើញវត្តមានយន្តហោះយោធាដល់ទៅ ៣០គ្រឿង បន្ទាប់ពីបាននិយាយថា ទីក្រុងប៉េកាំងកំពុងអនុវត្តការល្បាតត្រៀមខ្លួនប្រយុទ្ធរួមគ្នាមួយផ្សេងទៀត ។
ប៉ុន្តែចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ តៃវ៉ាន់បានរាយការណ៍ថា មិនមានវត្តមានយន្តហោះយោធាចិនណាមួយឡើយ រហូតដល់ថ្ងៃទី៧ ខែមីនា ទើបកោះនេះបាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចំនួន ២គ្រឿងនៅភាគនិរតីបំផុតរបស់កោះតៃវ៉ាន់ ។
ពាក់ព័ន្ធនឹងការអវត្តមានយន្តហោះយោធាចិន មន្ត្រី និងអ្នកជំនាញនៅតៃវ៉ាន់ បាននិយាយថា ទីក្រុងប៉េកាំង ទំនងជាកំពុងកែសម្រួលយុទ្ធនាការដាក់សម្ពាធរបស់ខ្លួនឡើងវិញ មុនពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា