ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃ ចន្ទ ថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តលើផែនការរួមមួយ ក្នុងគោលបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែលោកថា វានឹងមិនមែនជារឿងងាយស្រួលនោះទេ ។
បើតាម The Star, មេដឹកនាំអង់គ្លេសរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាវាមិនមែនជារឿងងាយស្រួលក៏ដោយ យើងត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីធានាបាននូវស្ថិរភាពតម្លៃទីផ្សារប្រេង និងថាមពលសកល ។
លោក Starmer ដែលមានវ័យ៦៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អង់គ្លេសកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តទាំងអស់របស់យើង រួមទាំងដៃគូអឺរ៉ុបរបស់យើង ក្នុងគោលបំណងប្រមូលផ្តុំផែនការរួម ដែលអាចអនុវត្តបាន ដើម្បីអាចស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសកល ។
បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ៕
ប្រភព ៖ The Star និង AFP ប្រែសម្រួល ៖ ឈឹម ទីណា