ហ្សឺណែវ ៖ ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃ ចន្ទ ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារមួយនៅប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ ២០២៥ គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម” និងបានព្រមានអំពីហានិភ័យនៃអំពើហិង្សាថែមទៀត បន្ទាប់ពីការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន ។
បើតាម Straits Times, លោកស្រី Sara Hossain ដែលជាប្រធានបេសកកម្មស្វែងរកការពិតអ៊ីរ៉ង់ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សយូអិនថា យើងបានរកឃើញមូលដ្ឋានសមហេតុផលជាច្រើន ដែលបង្ហាញថា អ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាមដោយចេតនា ដែលដឹកនាំការវាយប្រហារប្រឆាំងនឹងគោលដៅជនស៊ីវិល តាមរយៈការវាយប្រហារតាមអាកាសលើពន្ធនាគារអ៊ីរ៉ង់ Evin ។
លោកស្រីថា ការវាយប្រហារនោះ បានសម្លាប់ជីវិតមនុស្សប្រមាណ ៨០នាក់ រួមទាំងកុមារម្នាក់ និងស្ត្រី ៨នាក់ ។ របាយការណ៍ចុងក្រោយបំផុតរបស់លោកស្រី ចងក្រងឡើងដោយផ្អែកលើការសម្ភាសន៍ជាមួយជនរងគ្រោះ និងសាក្សី រូបភាពផ្កាយរណប និងឯកសារផ្សេងទៀត ដែលត្រូវបានបង្ហាញដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃ ចន្ទ ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Ali Bahreini ក៏បានអំពាវនាវឱ្យមានការថ្កោលទោសផងដែរ ចំពោះការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលលោកបានអះអាងថា បានសម្លាប់ជីវិតមនុស្សជាង ១,៣០០នាក់នៅទូទាំងប្រទេសអ៊ីរ៉ង់ ។
សូមរម្លឹកថា យោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរអ៊ីរ៉ង់, មនុស្សច្រើនជាង ៧០នាក់បានស្លាប់ នៅពេលដែលអ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសលើពន្ធនាគារ Evin ក្នុងទីក្រុងតេហេរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលសង្គ្រាមផ្លូវអាកាសជាមួយអ៊ីរ៉ង់ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា