បរទេស ៖ សហរដ្ឋអាមេរិកបានបន្ទន់ឥរិយាបថបើកដៃឲ្យនាវាអ៊ីរ៉ង់ដឹកប្រេងបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent កាលពីថ្ងៃចន្ទ ។

បរទេស ៖ សហរដ្ឋអាមេរិកបានបន្ទន់ឥរិយាបថបើកដៃឲ្យនាវាអ៊ីរ៉ង់ដឹកប្រេងបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent កាលពីថ្ងៃចន្ទ ។
ការអះអាងនេះធ្វើឡើង បន្ទាប់ពីអឺរ៉ុបបដិសេធរឿងបញ្ជូនយោធាចេញទៅចូលរួមការពារច្រកសមុទ្រ Hormuz ជាពិសេសនៅក្រោយពេលដែលអ៊ីរ៉ង់គំរាមវាយប្រហារកប៉ាល់ណាក៏ដោយឲ្យតែហ៊ានបើកឆ្លងកាត់ ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ របស់ពិភពលោកមួយនេះ ។
បើតាម cnbc, អ៊ីរ៉ង់បានបន្តនាំចេញប្រេងឆៅ ប្រហែល ១លាន ៥សែន បារ៉ែល ក្នុងមួយថ្ងៃ តាមរយៈផ្លូវសមុទ្រតូចចង្អៀតមួយនេះ បើទោះបីជាមានវត្តមានកងទ័ពជើងទឹកអាមេរិកដ៏ធំសម្បើម នៅក្នុងតំបន់ ក៏ដោយ ។
លោក Scott Bessent និយាយថា មូលហេតុ ដែលអាមេរិកឲ្យអ៊ីរ៉ង់ មានសេរីភាពពេញដៃ ក្នុងការដឹកជញ្ជូនប្រេងនេះ គឺ ដើម្បីអនុញ្ញាតឱ្យ មានកំណើន នៃ ការផ្គត់ផ្គង់ប្រេង សម្រាប់ពិភពលោក ទាំងមូល ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក រូបនេះបញ្ជាក់ថា បន្ទាប់ពីបើកដៃឲ្យអ៊ីរ៉ង់ធ្វើដូច្នេះ ក៏បានឃើញកប៉ាល់ចាប់ផ្តើមបើកឆ្លងកាត់ កាន់តែច្រើន ឡើងវិញ ដែលរួមមានទាំង នាវាដឹកប្រេង របស់ឥណ្ឌា និង ចិន ផងដែរ។
ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រមួយនេះ បានបញ្ឈប់ភ្លាមៗ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយសារតែ អ៊ីរ៉ង់ បានគំរាមវាយប្រហារនាវា ដែលព្យាយាមឆ្លងកាត់។ ប្រហែល មួយភាគប្រាំ នៃការប្រើប្រាស់ប្រេង របស់ពិភពលោក ត្រូវឆ្លងកាត់ ច្រកសមុទ្រ Hormuz ក្នុងមួយថ្ងៃ ។
ទន្ទឹមនោះ ជម្លោះដែលកំពុងកើតឡើងនៅតំបន់មជ្ឈឹមបូព៌ាក៏បានបង្អាក់ការផ្គត់ផ្គង់ និង បានធ្វើឲ្យតម្លៃប្រេងសាំងឡើងថ្លៃ ពីជាង ៧០ ដុល្លារ ទៅ ជាង ១០០ដុល្លារ ក្នុងមួយបារ៉ែល ផងដែរ ។ ជាមួយគ្នានេះ អ៊ីរ៉ង់ ធ្លាប់ព្រមានថា នឹងធ្វើតម្លៃប្រេងឆៅ កើនឡើងដល់ តម្លៃ ២០០ ដុល្លារ ក្នុងមួយបារ៉ែល ប្រសិនបើអាមេរិកនៅតែវាយប្រហារមកលើខ្លួន ៕
ប្រភពពី cnbc ប្រែសម្រួល ៖ សារ៉ាត
